ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្ភពសោភា ស្ថិតក្នុងការឃ្លាំមើលរបស់ក្រសួងសុខាភិបាល ក្រោយរងការចោទថា ធ្វើឲ្យទារកស្លាប់

ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើននាក់ នៅតែទន្ទឹងរង់ចាំចម្លើយជាក់លាក់មួយពីខាងក្រុមគ្រូពេទ្យ ពិសេសខាងមន្ទីរជំនាញ និងក្រសួងសុខាភិបាល ក្រោយពីសម្ភពសោភាហ្គោល ត្រូវបានគេចោទថា ធ្វើឲ្យទារកម្នាក់ស្លាប់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់ Post News នៅរសៀលថ្ងៃទី២៦ ខែឧសភានេះថា ពេលនេះ ខាងគ្រូពេទ្យកំពុងតែស្រាវជ្រាវ និងធ្វើការហើយ មានន័យថា សម្ភពសោភា ស្ថិតក្នុងការឃ្លាំមើលរបស់ក្រសួងសុខាភិបាល។ “ខាងជំនាញកំពុងធ្វើការស្រាវជ្រាវ តែគេមិនទាន់ធ្វើរបាយការណ៍មកឲ្យខ្ញុំទេ ហើយគណៈកម្មការក៏បានចុះត្រួតពិនិត្យហើយដែរ”។ លោករដ្ឋមន្ត្រីបញ្ជាក់។

បើតាមការលើកឡើងពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននិយាយថា ហេតុអ្វីបានជាក្រសួងសុខាភិបាល បិទអាជីវកម្មគ្លីនិក ឃឹម រ៉ានី ចុះសម្ភពសោភាវិញ ក្រសួងចាត់ការបែបណា? រឿងនេះ ត្រូវបានលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បកស្រាយថា គ្លីនិក ឃឹម រ៉ានី មិនត្រូវបានឲ្យផ្អាកទេ ប៉ុន្តែត្រូវបិទអាជីវកម្មទាំងស្រុង។ ដោយឡែក សម្ភពសោភាវិញ កំពុងស្ថិតក្រោមការស្រាវជ្រាវ និងអង្កេតនាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធករណីស្លាប់ទារកម្នាក់ នៅសម្ភពសោភាហ្គោល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះដែរ ស្ត្រីរងគ្រោះជាម្ដាយ បានចេញមុខបកស្រាយជុំវិញការលើកឡើងយករួចខ្លួនរបស់ប្រធានសម្ភពសោភា ដែលចោទថា កូនរបស់នាងស្លាប់ដោយសារជំងឺពីកំណើត គឺបេះដូងប្រហោងនោះ ស្ត្រីរងគ្រោះជាម្ដាយ លើកឡើងថា “គោរពប្រធានពេទ្យសម្ភពសោភាអើយ ខ្ញុំហ្អា មិនបានប្ដឹងហើយ កុំមកចោទថា កូនខ្ញុំបេះដូងប្រហោងចឹង! ព្រោះលិខិតបញ្ជាក់ពីពេទ្យសម្ភពសោភា ខ្ញុំនៅមាន! បញ្ជូនកូនខ្ញុំទៅពេទ្យកាល់ម៉ែត ដោយសារឈ្លក់ទឹកដោះគោ ដោយសារមីពេទ្យឆ្កួតនឹងអ្នកបំប៉ៅ…… កូនខ្ញុំស្លាប់ហើយ អត់ទទួលខុសត្រូវហើយ កុំមកចោទថា កូនខ្ញុំបេះដូងប្រហោងចឹង”

https://youtu.be/IeO3WClyeAY

ករណីនេះ ឪពុកទារករងគ្រោះឈ្មោះ ពៅ ពុត អាយុ៣២ឆ្នាំ មានមុខរបរលក់ថ្នាំពណ៌ នៅផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ភរិយារបស់គាត់មានទម្ងន់គ្រប់ខែ ត្រូវឆ្លងទន្លេ ហើយគាត់ក៏បានដឹកទៅឆ្លងទន្លេនៅសម្ភពសោភា ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បុរសជាឪពុករូបនេះ បញ្ជាក់ថា កូនរបស់លោកបានកើតមកជាមួយសុខភាពល្អធម្មតា ប៉ុន្តែក្រោយកើតបាន៣ថ្ងៃ ស្រាប់តែគិលានុបដ្ឋាយិកាម្នាក់ បានបំបៅទឹកដោះគោ បណ្តាលឲ្យឈ្លក់ខ្លាំង ហើយមិនព្រមបញ្ឈប់ទៀត ទើបធ្វើឲ្យទារកខ្សោយសុខភាពទន់ទៅៗ រួចក៏ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។ បន្ទាប់ពីសង្រ្គោះបានបន្តិច កូនរបស់គាត់ក៏បានអស់ខ្យល់ស្លាប់តែម្តង។

ចំណែកស្ត្រីជាម្ដាយវ័យ៣១ឆ្នាំ បានទ្រហោយំយ៉ាងខ្លាំង ដោយបន្ទោសខ្លួនឯងថា ជាអ្នកបណ្តែតបណ្តោយឲ្យគិលានុបដ្ឋាយិកាបំបៅទឹកដោះគោកូន ធ្វើឲ្យកូនរបស់គាត់ស្លាប់។ «កូនខ្ញុំបានស្លាប់ហើយ នេះគឺមកពីការធ្វេសប្រហែសរបស់ខ្ញុំ ខ្ញុំជាម្ដាយភ្លើបំផុត ខ្ញុំមិនចេះមើលកូន ខ្ញុំឲ្យពួកមីពេទ្យឆ្កូតបំបៅទឹកដោះគោកូនដល់ឈ្លក់ស្លាប់ ហើយនេះជាមេរៀនជីវិតដ៏ឈឺចាប់របស់ខ្ញុំ សូមបងប្អូនកុំទុកចិត្តអ្នកណាក្រៅពីខ្លូនឯងឲ្យសោះ»។ នេះជាការរៀបរាប់ទាំងឈឺចាប់របស់ស្ត្រីជាម្ដាយ សរ ចាន់វាសនា។

https://www.youtube.com/watch?v=7O4MaACM2jw

ក្រុមគ្រូពេទ្យសង្គ្រោះទារករងគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បានអះអាងពីការស្លាប់របស់ទារក គឺបណ្តាលមកពីឈ្លក់ទឹកដោះគោ ជ្រាបដល់សួត បុកទៅដល់បេះដូង ធ្វើឲ្យឈាមដើរបញ្ជ្រាស ហើយក៏ស្លាប់តែម្តង។

ឪពុកទារក បានឲ្យដឹងទៀតថា ការសម្រាលកូននៅសម្ភពសោភាហ្គោល លោកត្រូវចំណាយថ្លៃសម្រាល និងស្នាក់នៅ៥យប់ ៥ថ្ងៃ ចំនួន៨០០ដុល្លារ។ លោក ពៅ ពុត បានបញ្ជាក់ថា ការធ្វេសប្រហែសរបស់គិលានុបដ្ឋាយិកានៅក្នុងសម្ភព ជាកំហុសឆ្គងមួយដ៏ធ្ងន់ណាស់ទៅហើយ ដែលសម្ភពគួរតែព្យាយាមជួយសង្រ្គោះដល់កូនរបស់លោក តែសម្ភពបែរជាទារលុយ១០០ដុល្លារ សម្រាប់ការដឹកទារកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតថែមទៀត។ លោកបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះកាយវិការរបស់ «សម្ភពសោភាហ្គោល»៕

cover sopheaphoto_2016-05-24_11-21-593535345333444555666

មតិយោបល់