ព័ត៌មានជាតិ

ក្រុមក្មេងទំនើង១៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីដេញវាយគ្នានិងល្មើសបំរាមគោចរ

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនក្រុមយុវជន និងយុវតីចំនួន១៨នាក់ ជិះម៉ូតូដេញវាយតបគ្នា និងល្មើសបំរាមគោចរ និងបញ្ជូនខ្លួនទៅកាន់អធិកាដ្ឋានខណ្ឌចាត់ការតាមនិតិវិធី ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅក្បែរការ៉ាសសាំងតូតាល់ ត្រង់ចំណុចវត្តព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពពីលោកអភិបាលខណ្ឌ បានប្រាប់អោយដឹងថា មុនកើតហេតុគឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះល្បាត ក្នុងមូលដ្ឋានខណ្ឌមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញក្រុមក្មេងទំនើងចំនួន១៨នាក់ ក្នុងនោះមានស្រី៤នាក់ ជិះម៉ូតូច្រើនគ្រឿង បង្កហិង្សាដេញវាយតប់គ្នាពេញផ្លូវ និងល្មើសបំរាមគោចរទើបកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រតិបត្តិការឃាត់ខ្លួនតែម្តង ។ លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ការបង្ក្រាបនិងឃាត់ខ្លួននេះ គឺមិនមានករណីលើកលែង រឺក៏អប់រំដូចមុនទេ ។ បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ត្រូវបានលោកអភិបាលទាក់ទង ហៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកយកសំណាកតេស្តកូវីដ១៩រហ័ស នៅទីតាំងឃាត់ខ្លួនចេញលទ្ធផលអវិជ្ជមានទាំង១៤នាក់ ។ បន្ទាប់ពីចេញលទ្ធផលតេស្ត ក្រុមក្មេងទំនើងទាំង១៨នាក់នោះ ត្រូវបានបញ្ជូនខ្លួនបន្តទៅកាន់អធិកាដ្ធានខណ្ឌជ្រោយចង្វារ ក៏សាងសុំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ នៃជំងឺកូវីដ១៩ ដោយគ្មានករណីលើកលែង ៕

មតិយោបល់