ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ជិះកង់ឆ្លងផ្លូវត្រូវម៉ូតូបើកបុកចំពីក្រោយបោកក្បាលស្លាប់

កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូមួយគ្រឿងបានបើកខ្វះការប្រុងប្រយត្ន័ទៅបុកកង់មួយគ្រឿ​ងដែលកំពុងជិះ​ដោយអ៊ុំប្រុសម្នាក់បម្រុងឆ្លងផ្លូវចំពីក្រោយពីទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅលើដងផ្លូវស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៤៥នាទី ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ មុខមណ្ឌ​ល​កុមារកំព្រាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ អៀវ ទត អាយុ៦៦ឆ្នាំ ជាកម្មករធ្វើសំណង់នៅ​សណ្ឋាគារមួយជិតកន្លែងកើតហេតុ ស្នាក់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះកង់ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ គាត់បានបត់​កង់​បម្រុងឆ្លងថ្នល់ទៅកន្លែងធ្វើការ ស្រាប់តែត្រូវម៉ូតូមួយគ្រឿងបើកមកពីក្រោយបុកយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹង​ថ្នល់ជាតិ​ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកម៉ូតូបង្កហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងពេលកើតហេតុភ្លាមៗនោះដែរ មានម៉ូតូមួយគ្រឿងផ្សេងទៀត បើកបរដោយឈ្មោះ ឡេង សុឃាង អាយុ២៦ឆ្នាំ មានទី​លំនៅ ភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ បានបើកមកពីក្រោយ គេចពីជនរងគ្រោះ ដួលដេកនៅកណ្តាលថ្នល់ បណ្តាលឲ្យដួលខ្លួន​ឯងរង​របួស​ស្រាលផងដែរ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ និងធ្វើកំណត់​ហេតុប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នកបើកបរម៉ូតូបង្ករ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវដើម្បី​តាមចាប់យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

ចរាចរណ៍ចរាចរណ៍ចរាចរណ៍ចរាចរណ៍

មតិយោបល់