ព័ត៌មានជាតិ

បុរសម្នាក់បង្កាត់ភ្លើងដាំបាយ បណ្តាលឲ្យអគ្គិភ័យឆេះផ្ទះខ្ទេច និងរលាកខ្លួនរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផ្ទះ០១ខ្នងមានទំហំ៥X៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកដូង ​ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំង​ស្រុង និងទ្រព្យសម្បត្តិមួយចំនួន ចំណែកម្ចាស់ផ្ទះរលាកភ្លើងរងរបួសយ៉ាងដំណំផងដែរ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ បានឲ្យដឹងថា៖ ម្ចាស់ផ្ទះឈ្មោះ វាំង ធី ភេទប្រុស អាយុ ៥៧ឆ្នាំ ភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះជាមនុស្សញៀនស្រា ហើយរស់នៅតែម្នាក់ឯង ចំណែកប្រពន្ធមិនបានរស់នៅជាមួយទេ ទៅនៅខេត្តផ្សេង ។

ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាំបាយហូប ប៉ុន្តែដោយស្រវឹងខ្លាំង ពេលកេះដែកកេះបង្កាត់ភ្លើង ក៏ជ្រុលទៅប៉ះនឹងជញ្ជាំងស្លឹកដូង បណ្តាលឲ្យឆាបឆេះតែម្តង គ្មានអ្នកណាមកជួយអន្តរាគមន៍ បានទាន់នោះទេ ព្រោះផ្ទះនៅដាច់ឆ្ងាយ ម្ចាស់ផ្ទះក៏រងរបួសធ្ងន់ ដោយរលាកភ្លើងត្រូវស្បែកដៃ ខ្នងនិងក្បាលដោយស្រវឹងខ្លាំងពេលផ្ទះ ត្រូវភ្លើងឆេះរត់មិនរួច ជនរងគ្រោះត្រូវអាជ្ញាធរ នគរបាលមូលដ្ឋាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីភ្លាម ។ ចំណែកសម្ភារ: និងទ្រព្យសម្បត្តិក្នុងផ្ទះ ឆេះអស់អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២.៥០០ .០០០រៀល ៕

មតិយោបល់