សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រ សណ្តោងរ៉ឺម៉កកំពុងឈប់ លើចិញ្ចើមផ្លូវពីក្រោយ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦៥-៣៦៦។
លោកវរសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស្លាកលេខ សៀមរាម 1T-4659 បើកបរដោយឈ្មោះ តាន់ ពិទូ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច (មិនពាក់មួកសុវត្ថិភាព) បានបុកត្រាក់ទ័រមួយគ្រឿង មានសណ្តោងរ៉ឺម៉កចំពីក្រោយ ម៉ាក BERALRUS MTZ.80 បើកបរដោយមិនស្គាល់អត្តសញ្ញាណ កំពុងឈប់លើចិញ្ចើមផ្លូវ ខាងស្តាំបែរក្បាលទៅទិសខាងលិច ដោយគ្មានបើកភ្លើងសញ្ញា។
លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះ តាន់ ពិទូ នៅនឹងកន្លែងកើតហេតុ ខូចខាតម៉ូតូចំនួនមួយគ្រឿង (ធ្ងន់) និងខូចខាតត្រាក់ទ័រ សណ្ដោងរ៉ឺម៉កចំនួន០១គ្រឿង (ស្រាល ) ។ ចំណែកអ្នកបើកបរត្រាក់ទ័រ បានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង ធ្វើកំណត់ហេតុ និងប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំងពីរគ្រឿង កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តនីតិវិធីច្បាប់បន្ត ៕

មតិយោបល់