ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចក្បែរវត្តដំបូកខ្ពស់ ផ្លូវលេខ៦៩បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
១- ជនសង្ស័យឈ្មោះ ទឹង វណ្ណៈ ហៅ ចេក ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ២-ជនសង្ស័យឈ្មោះ ឆែម សុធារ៉ា ហៅ យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន) ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង០០និង១៥នាទី រំលងអធ្រាត្រ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានខណ្ឌ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ឃើញដូចនោះសមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង០២នាក់ បានរត់គេចខ្លួន ពេលនោះសមត្ថកិច្ចបានដេញតាម ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍ សម្រាប់ឆ្កឹះសោទ្វារផ្ទះ និងសម្រាប់កាច់សោកម៉ូតូមួយចំនួន យកមកសាកសួរ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២ ។
បន្ទាប់ពីសាកសួរជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានដើររកលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និងបានលាក់ទុកដាវកែច្នៃ០១ ដើមនៅជាប់ខ្លួនពិតប្រាកដមែន ។
វត្ថុតាងចាប់យក៖ ដែកចុង ចំនួន០២ដើម , សោរចិញ្ចៀនលេខ៨ ចំនួន០១ដើម , សរសៃដែកលួស ចំនួន០១កំណាត់ និង ដាវកែច្នៃ ចំនួន០១ដើម, ស្រោមដាវធ្វើពីក្រណាត់ពណ៍ឈាមជ្រូកលាយខ្មៅ ចំនួន០១។
បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់