ព័ត៌មានជាតិ

អ្នកលក់ស្ករត្នោតម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុករួចគេចបាត់

តាកែវ: នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ដែលបើកបរក្នុងទិសដៅស្របទិសគ្នា។
មានរថយន្តមួយគ្រឿង មិនស្គាល់ភិនភាគ (បើករត់បាត់) ដែលបើកមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងចំពីចំហៀងខាងស្តាំពេញមួយទំហឹងតែម្តង ដែលម៉ូតូនោះម៉ាកហុងដាគុបជ្រុង C50 ពណ៌ទឹកប៊ិច ពាក់ស្លាក លេខ តាកែវ 1J-0347 បើកបរដោយឈ្មោះ យ៉ង ស៊ូល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកលក់ស្ករត្នោត នៅភូមិសម៉លើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) គ្មានពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងកើតរួចឆ្លងផ្លូវពីត្បូងមកជើងដើម្បីឆ្ពោះទៅលិច។ ក្រោយពេលកើតហេតុរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេគឺបានបើកគេចទៅទិសខាងលិចបាត់ទៅ។ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុបណ្តាលមកពីម៉ូតូបត់ស្តាំឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រាំកក់។

 

មតិយោបល់