ភ្នំពេញៈ សាកសពបុរសម្នាក់ដែលជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារហើយលិចបាត់កាលពី ៣ថ្ងៃមុន សពបានអណ្តែតឡើងហើយ និងបានរសាត់តាមខ្យល់ ទៅទើនៅកំប្លោកក្បែរច្រាំង ទន្លេសាបខាងត្បូងស្ពានព្រែកព្នៅ ប្រមាណ១គីឡូម៉ែត្រ ក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋ ដែល រកស៊ី បូមខ្សាច់នៅមាត់ច្រាំងទន្លេ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ២និង៤០នាទីរសៀលថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២១នេះ ខណៈពេល ដែលកំពុងតែបូមខ្សាច់ស្រាប់តែ ប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតទឹកហើយ ចេះតែ រសាត់តាមខ្យល់មកទើនឹងកំប្លោកនៅក្បែរច្រាំង ទន្លេសាបរួចក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ព្រែកតាសេក ចុះទៅស្រង់ដើម្បី ត្រួតពិនិត្យ ។
តាមព័ត៌មានឱ្យដឹងថា បន្ទាប់ពីភ្ញាក់ផ្អើលប្រទះឃើញ សពក្រុមគ្រូសារក៏បានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗដែរ។
សពបុរសរូបនោះ ត្រូវបានក្រុមគ្រួសារឱ្យដឹងថា ឈ្មោះ ព្រំ វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅស្នាក់នៅ ភូមិឃ្លាំងសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ លន់ ចាន់ឌី អាយុ ៣២ឆ្នាំ មានកូនចំនួន ២នាក់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បុរសរូបនោះបានជិះម៉ូតូកង់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5832 ធ្វើដំណើរ ឡើងស្ពានក្នុងទិសដៅពីលិចទៅកើត ។ នៅពេលជិតដល់កណ្តាលស្ពានក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ក៏បានលោតសម្លាប់ខ្លួន ទៅក្នុងទន្លេសាបបន្សល់ទុក ត ស្បែកជើង និងម៉ូតូកង់បីមួយគ្រឿង។
ភ្លាមៗ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះទៅយកម៉ូតូកង់បីមករក្សាទុក លុះ៣ថ្ងៃក្រោមមក សពទើបអណ្តែតឡើង បន្ទាប់ពីត្រួតពិនិត្យ រួចសពត្រូវបាននគរបាលប្រគល់ទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់