ភ្នំពេញៈ នៅវេលាម៉ោង០៥និង៤៨ នាទីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរបស់កងកម្លាំង បញ្ជាការដ្ឋានពិសេសលេខ៩១១ ជាមួយកងពលតូចថ្មើរជើងលេខ៧១១ និងជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចុះរាវរកសាកសពជនរងគ្រោះម្នាក់ឃើញហើយ ដែលបានរអិលជើងធ្លាក់ចូលស្រះទឹក នៅក្នុងវត្តព្រះបាមីវង្កតបូរីកបិលភ័ស្ត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ អ៊ួង សុភា អាយុ១៧ឆ្នាំ មានស្រុកកំណើត នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
យុវជននេះមានសតិមិនគ្រប់ បានរអិលជើងធ្លាក់ចូលស្រះទឹកក្នុងវត្ត ខណៈចុះចាប់ត្រីលេង បណ្ដាលឲ្យលិចខ្លួនបាត់ នៅវេលាម៉ោង ០៣និង០០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីស្រ្តីម្នាក់ឈ្មោះ កើតសុភ័ន្ត ត្រូវជាម្តាយជនរងគ្រោះ បានឲ្យដឹងថា កន្លងមកកូនរបស់គាត់(ជនរងគ្រោះ) តែងតែចូលមកដើរលេង នៅក្នុងបរិវេណវត្តជាមួយនឹងក្មេងៗ ជារៀងរាល់ថ្ងៃ ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែមាពលរដ្ឋ ដែលស្គាល់កូនរបស់គាត់ បានមកប្រាប់ថា កូនរបស់គាត់បានរអិលជើងធ្លាក់ចូលស្រះទឹកក្នុងវត្តដែលមានជម្រៅ១៥ម៉ែត្រ លិចខ្លួនបាត់ទៅហើយ ។ ភ្លាមៗនោះបងប្រុសបង្កើតរបស់ជនរងគ្រោះ បានមកចុះមុជទឹករាវរកសាកសពជនរងគ្រោះ អស់រយៈពេលជាង២ ទៅ៣ម៉ោង ប៉ុន្តែរកមិនឃើញនោះទេ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ និងបានទាក់ទង ទៅគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជួយអន្តរាគមន៍ ហើយដោយមានកិច្ចសហប្រតិបត្តិការ របស់កងកម្លាំងបញ្ជាការដ្ឋាន ពិសេស៩១១ សហការជាមួយកងពលតូចថ្មើរជើងលេខ៧១១ ហើយបានចុះមុជទឹករាវរក អស់រយៈពេលប្រហែលជា១៥ នាទីទើបរកសពជនរងគ្រោះខាងលើឃើញ ។ បន្ទាប់មកសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុក នៅវត្តទឹកថ្លារង់ចាំធ្វើកោសល្យវិច្ច័យ និងប្រគល់ឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់