ព័ត៌មានជាតិ

ដាច់ខ្សែកាបធ្លាក់ចំមនុស្ស បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញ: កាលពីវេលាម៉ោង០៨និង០៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មានករណីឆក់ចរន្តអគ្គិសនី ខ្សែកាបរដ្ឋដាច់ធ្លាក់ ចំមនុស្សបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅចំណុចផ្ទះ៦០៥ ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឡន រីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើតហេតុ ស្រុកកំណើត ភូមិចម្លាក់ដៃ ឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម ។

ដំណើររឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងរៀបចំអីវ៉ាន់គ្រឿងទេស ដាក់ចូលក្នុងម៉ូតូកង់បីនៅពីមុខផ្ទះ ពេលនោះខ្សែកាបភ្លើងរបស់រដ្ឋ បានដាច់ធ្លាក់មកដីចំកន្លែងកំពុងធ្វើការ ហើយកន្ទុយខ្សែភ្លើងក្រវីក្រវាត់ ខណ:នោះជនរងគ្រោះ ទៅយកធុងពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែដោយជនរងគ្រោះគ្មានជំនាញបាញ់ កន្ទុយខ្សែភ្លើងលោតមកឆក់ជាប់ធុងពន្លត់អគ្គិភ័យ ឆក់ជនរងគ្រោះជាប់បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

តាមការធ្វើកោសល្យវិច័យ របស់កម្លាំងជំនាញបច្ចេកទេសក្រុង បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់