ភ្នំពេញៈ ក្មេងប្រុសម្នាក់ បានផ្លោះរបងផ្ទះប្រជាពលរដ្ឋ ចូលលួចទូរស័ព្ទ តែត្រូវម្ចាស់ផ្ទះឃើញ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច ធ្វើការអប់រំ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងហាងស៊ុបប្រហិត សាន់ សាន់ ផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសខាងលើ សូមមិនបញ្ចេញឈ្មោះ មានអាយុ១០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ភាគច្រើនរស់នៅម្តុំសួនកុមារពោធិចិនតុង។
ចំណែកម្ចាស់ទូរស័ព្ទ ឈ្មោះ តេង ណារិន ភេទប្រុស អាយុ២០ឆ្នាំ មុខររបរ បុគ្គលិកហាងស៊ុបប្រហិត សាន់សាន់ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលហាងស៊ុប បានបិទទ្វាររបងទៅហើយ បុគ្គលិក ចូលសម្រាករៀងៗខ្លួន តែនៅពេលនោះ ជនរងគ្រោះមិនបានចូលសម្រាកភ្លាមទេ រវល់តែទៅឆុងមី ហូបសិន ស្រាប់តែឃើញក្មេងប្រុសខាងលើ លួចយកទូរស័ព្ទដៃ ដែលកំពុងដាក់សាកបញ្ជូលភ្លើង លើគ្រែ កន្លែងដេក ហើយព្យាយាមបម្រុងផ្លោះរបងរត់ចេញក្រៅវិញ តែមិនទាន់ ក៏ត្រូវគាត់ចាប់ឃាត់ខ្លួនបានតែម្តង ។
ក្មេងប្រុសខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ទិញទឹក ចំណីឲ្យហូប រួចអនុញាតិឲ្យវិលត្រឡប់ទៅវិញ៕
មតិយោបល់