បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១០នាទី លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាសនៃអធិការដ្ឋាននគរបាលស្រុកបវេល ចុះប្រតិបត្តិការបង្ក្រាប់បានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន១ករណី ក្នុងបទល្មើសជាក់ស្ដែង នៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ សេរី ពេជ្យរ៉ាវី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លា ចំនួន៦ថង់ (ធំ៥, តូច១) សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE), ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស WY លើចំហៀងគ្រាប់ថ្នាំនីមួយៗ សង័្សយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា) ចំនួន៤៩គ្រាប់,កាំភ្លើងខ្លី (ប្រើហ្គាស់) ចំនួន១ដើម និងគ្រាប់ចំនួន៦គ្រាប់, គ្រាប់កាំភ្លើងអាកាចំនួន៩គ្រាប់, ម៉ូតូចំនួន២គ្រឿង គឺម៉ាកPCXពណ៌ខ្មៅ ស៊េរីឆ្នាំ2018 ស្លាកលេខ បាត់ដំបង 1P-9387 និង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅលាយពណ៌ក្រហម ស៊េរីឆ្នាំ2011 ស្លាកលេខបាត់ដំបង1N-4437) និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង័្សយ និងវត្ថុតាង នគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមច្បាប់៕
មតិយោបល់