ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរថៃមួយកន្លែង បន្ទាប់ពីលួចបើកដំណើរការទទួលភ្ញៀវបំពាន និងសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតត្រង់ចំណុចហាងផឹកស៊ី ផ្ទះឈើម្ហូបខ្មែរថៃ ផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ប្រតិបត្តិការណ៍ ចុះបង្ក្រាប នោះធ្វើឡើងក្រោមវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ បានធ្វើការដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងកន្លែងកើតហេតុ ជាក់ស្ដែង ។ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានធ្វើការជិះល្បាត ក្នុងភូមិសាស្ត្រ និងប្រទះឃើញទីតាំង ខាងលើកំពុង បើកដំណើរការ ក៏បានចុះត្រួតពិនិត្យរកឃើញថា មានការទទួលភ្ញៀវចូលទៅជួបជុំគ្នាផឹកស៊ី នៅខាងក្នុងហាងប្រាកដ មែន ប៉ុន្តែមិនមានការចាក់ភ្លេង ឬច្រៀងលេងកម្សាន្តនោះទេ ។ ដែលនេះគឺបំពាន និងសេចក្ដីសម្រេច លេខ២៤៩/២១ សសរ របស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ហេតុដូចនេះ កម្លាំងគណៈបញ្ជាការឯកភាពបានសម្រេចបិទ អាជីវកម្ម ទាំង ស្រុងរង់ចាំមានការជូនដំណឹងសាជាថ្មី ។ ហើយខណៈពេលចុះបង្ក្រាបហាងផឹកស៊ីខារ៉ាអូខេនោះ កម្លាំងគណៈបញ្ជាការឯកភាព បាន ធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១៤នាក់ ក្នុងនោះមានប្រុសចំនួន៩នាក់ជាភ្ញៀវ ស្រីចំនួន៥នាក់ ជាបុគ្គលិក និងថៅកែហាង ។
បច្ចុប្បន្នជនដែលល្មើសទាំង១៤នាក់ នោះត្រូវបានក្រុមគ្រូពេទ្យជំនាញ ចុះធ្វើការយកសំណាកតស្តរកមេរោគកូវីដ១៩ រួចក៏ត្រូវបានកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ធ្វើការនាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បី ធ្វើការសាកសួរ និងកសាងសំណុំរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕
មតិយោបល់