ព័ត៌មានជាតិ

រថយន្តដឹកពលករ រេចង្កូតបុកហាយឡាយឌ័រ បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី១១ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកចិនយ៉ុន GENLYON (រថយន្តដឹកពលករ) បានបុកនឹងរថយន្តម៉ាកហាយឡាយឌ័រ បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

យោងតាមរបាយការណ៍របស់ លោកររសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានរាយការណ៍អោយដឹងថា មានរថយន្ត០១គ្រឿង (រថយន្តដឹកពលករ) ម៉ាកចិនយ៉ុន GENLYON ពណ៌ត្រេអ៊ី បើកបរដោយឈ្មោះ ឡាយ តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរទាហាន កងដឹកជញ្ជូន កងពលលេខ១៤ ខេត្តពោធិ៍សាត់ អ្នករួមដំណើរ (ពលករ) ចំនួន២១នាក់ ស្រី០៨នាក់ (គ្មានរបួស) បានបុកនិងរណាំងចែកទ្រូងផ្លូវ និងរថយន្តចំនួន០១គ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរី២០០១ ពាក់ផ្លាកលេខ បាត់ដំបង 2B-0876 បើកបរដោយឈ្មោះ រ៉ា សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ (គ្មានរបួស) អ្នករួមដំណើរចំនួន ០២នាក់ ១.ឈ្មោះ គ្រុយ ផល្លី ភេទស្រី អាយុ ២៧ឆ្នាំ (រងរបួសស្រាល) និង២.ឈ្មោះ សុជាតិ ធានី ភេទស្រី អាយុ ៤ខែ ១៥ថ្ងៃ (រងរបួសធ្ងន់) អ្នកទាំងបីរស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះពិនិត្យទីកន្លែងកើតហេតុ ដកហូតវត្ថុតាងរថយន្តចំនួន ០២គ្រឿង ។

ករណីនេះ តាមការពិនិត្យកន្លែងកើតហេតុគឺ រថយន្ដដឹកពលករបានបើកបរពី ទិសខាងត្បូងទៅទិសខាងជើង ពេលមកដល់កន្លែងកើតហេតុ បានរេចង្កូតចូលគន្លងផ្លូវខាងឆ្វេងជ្រុលទៅកៀរ រនាំងដែកធ្វើឱ្យរថយន្តអូសទទឹងទ្រូងផ្លូវ បោកប៉ះរថយន្តធុនតូចម៉ាកហាយឡែនឌ័រតែម្តង ៕

មតិយោបល់