(ប៉េកាំង)៖ តុលាការមួយនៅក្នុងប្រទេសចិននៅថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោស ពាណិជ្ជករជនជាតិកាណាដា លោក Michael Spavor ដាក់ពន្ធនាគារ១១ឆ្នាំ តែមួយថ្ងៃប៉ុណ្ណោះ។
តុលាការចិនក្នុងទីក្រុង Dandong បានឱ្យដឹងថាលោក Michael Spavor ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីបទចារកម្ម និងបញ្ជូនព័ត៌មានសម្ងាត់រដ្ឋទៅក្រៅប្រទេស។ សវនាការកាត់ទោសលោក Spavor ធ្វើឡើងកាលពីខែមីនាកន្លងទៅ ប៉ុន្តែសាលក្រមមិនត្រូវបានចេញផ្សាយឡើយរហូតមកទល់នឹងថ្ងៃពុធនេះ ខណៈ សវនាការលើការធ្វើបត្យាប័ននាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou តាមសំណើរបស់សហរដ្ឋអាមេរិក បានឈានចូលដល់ ដំណាក់ដ៏សំខាន់មួយនៅឯតុលាការក្នុងប្រទេសកាណាដា។
លោក Michael Spavor រួមជាមួយអតីតមន្ត្រីការទូតកាណាដា លោក Michael Kovrig ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនកាលពីចុងឆ្នាំ២០១៨ ដោយចោទ ពីបទធ្វើចារកម្ម ហើយការចាប់ខ្លួននេះធ្វើឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកាណាដាតាមសំណើរបស់ សហរដ្ឋអាមេរិកដែលចោទលោកស្រីថាបានក្លែងបន្លំពាក់ព័ន្ធនឹងជំនួញរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអ៉ីរ៉ង់។
កាណាដាតែងតែចោទប្រកាន់ចិនជារឿយៗ ថាបានយកសំណុំរឿងលោកស្រី Meng Wanzhou មកឡូកឡំជាមួយការចាប់ខ្លួនពលរដ្ឋកាណាដា។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានចិនបដិសេធ៕
ប្រភព៖ Reuters
មតិយោបល់