ព័ត៌មានជាតិ

ថយរថយន្តមិនប្រយ័ត្ន!​ ត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹង បណ្តាលឲ្យរបួសបាក់ជើង

ភ្នំពេញៈ បុរសម្នាក់បានរងរបួសជើងស្តាំយ៉ាងដំណំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកReXTon ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-1337 បើកដោយបុរសជនជាតិបរទេសម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំបំណងចូលចតមុខហាងកាហ្វេមួយតែដោយចតមិនត្រង់ក៏ថយក្រោយដើម្បីចូលទៅចតម្តងទៀត តែខណៈរថយន្តកំពុងថយក៏បានជ្រុលទៅបុកម៉ូតូម៉ាកwave S ពណ៌ត្រួយចេក លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1I-1869 ដែលកំពុងជិះដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ចំកណ្តាលម៉ូតូពេញទំហឹងបណ្តាលឲ្យដួលរងរបួសជើងខាងស្តាំយ៉ាងធ្ងន់សង្ស័យបាក់ជើង។

ចំណែកប្រភពផ្សេងទៀតបានឲ្យដឹងថា ខណៈរថយន្តកំពុងថយបានឈប់ដាក់លេខទៅមុខហើយត្រូវម៉ូតូបើកយ៉ាងលឿនប៉ះគូថរថយន្តបណ្តាលឲ្យដួលរងរបួលជើងធ្ងន់ធ្ងរតែម្តង។

ចំណែករថយន្តខូចខាតផ្នែកខាងក្រោយរីឯម៉ូតូបាក់ក្បាំង។
ទោះជាយ៉ាងណាក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យរីឯវត្ថុតាងគឺម៉ូតូនិងរថយន្តបន្ទាប់សមត្ថកិច្ចវាស់វែងរួចត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកយកទៅរក្សាទុកដើម្បីឲ្យភាគីទាំង២ដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕

https://youtu.be/7lW67elc6lA

មតិយោបល់