ភ្នំពេញ: អគ្គិភ័យបានឆាបឆេះស្មៅនៅក្នុងដីឡូតិ៍ទំនេរចំនួន១កន្លែង ស្ថិតនៅក្នុងដីឡូតិ៍ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែពុំបានឆេះរាលដល់ផ្ទះអ្នកស្រុក ឬរោងចក្រឡើយ ដោយសារមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យទាន់ពេល ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅក្នុងដីឡូតិ៍ទំនេរ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការឆាបឆេះខ្លាំងនិងល្បឿនលឿនណាស់ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅក្នុងដីឡូតិ៍មានផ្ទះឈើ១ខ្នង ប៉ុន្តែគេបោះបង់ចោលគ្មានមនុស្សរស់នៅយូរឆ្នាំហើយ ហើយទីនោះដុះស្មៅទ្រុបទ្រុល ចំណែកនៅជុំវិញជាប់ និងរបងដីឡូតិ៍មានផ្ទះជាប់គ្នារដឹក ។ ហើយនៅមុនពេលកើតហេតុ ពុំដឹងថាជនណាម្នាក់បោះកន្ទុយបារីចោល ឬដុតលេងនោះទេ ស្រាប់តែមានផ្សែងហុយ និងអណ្ដាតភ្លើងខ្លាំង ។ ពេលនោះដោយសារតែខ្លាចឆេះដល់ផ្ទះ ទើបអ្នកនៅជិតនោះនាំគ្នាចូលទៅពន្លត់ ប៉ុន្តែភ្លើងអត់រលត់ឬថមថយឡើយ ។
ប្រភពដដែលបានបន្តថា ខណៈពេលកំពុងមានភ្លើងឆេះនោះ ស្រាប់តែមានខ្យល់បក់ខ្លាំង ជាហេតុធ្វើឲ្យភ្លើងឆេះ កាន់តែលឿនខ្លាំង ថែមទៀត ។ ក្រោយមកកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទៅដល់ជួយពន្លត់គ្នា យ៉ាងសស្រាក់សស្រាំ ។ ភ្លាមៗនគរបាល និងអាជ្ញាធរបានហៅរថយន្តពន្លត់អគ្គិភ័យឲ្យជួយ ដោយរថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ២គ្រឿង ទៅជួយបាញ់ពន្លត់រហូតរលត់ទៅវិញ១០០ភាគរយ ហេតុការខាងលើមិនមានអ្នករងរបួសឡើយ ៕
មតិយោបល់