ព័ត៌មានជាតិ

ប្រយ័ត្ន! ញ៉ាំអាហារប្រៃពេក អាចកើតជំងឺដ៏មានគ្រោះថ្នាក់ច្រើនមុខ!

មនុស្សជាច្រើនតែងមានទម្លាប់ប្រើប្រាស់អំបិលជាគ្រឿងទេសបន្ថែមនៅក្នុងម្ហូបអាហារ ហើយប្រើទឹកជ្រល់ដូចជា ទឹកត្រី និងទឹកស៊ីអៀវ ដើម្បីបង្កើនអាហារឲ្យមានរសជាតិឆ្ងាញ់។ អ្នកជំនាញបានព្រមានថា ការញ៉ាំបែបនេះ រាងកាយនឹងផ្ទុកអំបិលច្រើនហួសប្រមាណ ដែលជាហេតុបង្កទៅជាជំងឺដ៏មានគ្រោះថ្នាក់មួយចំនួនដូចជា ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

លើសពីនេះ ទម្លាប់ការញ៉ាំអាហារប្រៃពេក អាចបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង ខ្សោយតម្រងនោម និងមហារីកក្រពះពោះវៀនផងដែរ។

បើយោងតាមអង្កការពិភពលោក WHO បានបង្ហាញថា មនុស្សពេញវ័យមិនគួរទទួលទានអំបិលលើសពី ៥ក្រាមក្នុងមួយថ្ងៃឡើយ ប្រសិនបើចង់ការពារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺលើសឈាម។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សនៅជុំវិញពិភពលោក ប្រហែលជា៩០ភាគរយតែងតែធ្វើផ្ទុយពីការព្រមាននេះ។

ដូច្នេះ ដើម្បីរក្សាសុខភាពឲ្យល្អប្រសើរ និងគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់ដូចខាងលើ អ្នកគួរគិតគូរឡើងវិញចំពោះការប្រើប្រាស់អំបិល ឬអាហារដែលមានផ្ទុកជាតិប្រៃច្រើន៕

មតិយោបល់