លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១ស្អែកនេះ។
សូមជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិន និងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។
ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។
កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស។
សម្តេចតេជោ ហ៊ុន សែន នៅតែជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សម្រេចបានជាង៨០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោកដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៨០,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
មតិយោបល់