ព័ត៌មានជាតិ

Update៖ ឡានដឹកឥដ្ឋបុករថយន្តដឹកកម្មករកាត់ដេរ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ២៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករ-កម្មការិនី ចំនួន ៣នាក់បានស្លាប់ និងចំនួន ២៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧និង១០នាទី លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ(3-4) ចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក.4200.ភព3 អ្នកបើកបរឈ្មោះ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅខេត្តកំពង់ចាម និងមានព្រូរថយន្ដ១នាក់ឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃសន្លឹក ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ដឹកឥដ្ឋ) បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានបុករថយន្ដ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1409 អ្នកបើកបរឈ្មោះ អ៊ឹម លន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង (ដឹកកម្មករកាត់ដេរ) ចំនួន ៣៥នាក់ (ស្រី៣២នាក់) ដែលកំពុងបើកបរពីជើងទៅត្បូង បណ្ដាលអោយគ្រោះថ្នាក់មនុស្សសរុបរួម ២៨នាក់ (ស្រី២៤នាក់) កម្មករ ២៥នាក់ (ស្រី២៤នាក់) អ្នកបើកបររថយន្ដ ២នាក់ប្រុស ព្រូរថយន្ដ១នាក់(ប្រុស) ស្លាប់៣នាក់ (ស្រី២នាក់), របួសធ្ងន់១៧នាក់ (ស្រី១៥នាក់), របួសស្រាល៨នាក់ (ស្រី៧នាក់)។

មន្ត្រីសមត្ថកិច្ចបានបន្តថា វត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលតដ្ឋបាលត្រពាំងគង។ ករណីខាងលើប្រគល់ជូនជំនាញចរាចរណ៍ខេត្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់