ព័ត៌មានជាតិ

ឃុំខ្លួននគរបាលស័ក្តិ៤ នៅក្នុងគុកសិន កុំឲ្យដើរទាត់ធាក់ គេតទៅទៀត

ភ្នំពេញៈ យោងតាមសមត្ថកិច្ចបានឲ្យដឹងថាក្រោយពីបានសាកសួរចប់សព្វគ្រប់ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក ពេជ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកនគរបាលស័ក្តិ៤ នៅក្នុងគុកជាបណ្តោះអាសន្នសិន ដើម្បីបន្តនីតិវិធីនាពេលក្រោយ និងដើម្បីកុំឱ្យជនត្រូវចោទដើរវាយទាត់ធាក់ពលរដ្ឋស្លូតត្រង់តាមទំនើងចិត្តតទៅទៀត។

ប្រភពដដែលបានបញ្ជាក់ថា លោក សៀង សុខ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ ជានគរបាលការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អឿន ចំណាន ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ និងបទ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា២១៧ មាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនត្រូវចោទជានគរបាល ស័ក្តិ៤ខាងលើ បានធ្វើឡើងក្រោយពេលមានការបែកធ្លាយនូវវីដេអូ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលជននេះបាន ធាក់ជនរងគ្រោះចំកណ្តាលដើមទ្រូងប៉ើងទៅក្រោយ និងបានជេរប្រមាថ គំរាមកំហែងជនរងគ្រោះថែមទៀតផង។

សមត្ថកិច្ចបានឲ្យដឹងថា ដើមចមដែលឈានដល់ការប្រើហិង្សាលើជនរងគ្រោះ គឺព្រោះតែជនរងគ្រោះបាន អនុវត្តច្បាប់ចរចរណ៍ ប៉ុន្តែការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ ត្រូវបានលោកស័ក្តិ៤ សៅ បញ្ញា ជាម្ចាស់រថយន្ត ម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នោះ បញ្ជាឲ្យលត់ជង្គង់សុំទោស និងធាក់មួយជើងចំកណ្តាលដើមទ្រូង ផ្ងារទៅក្រោយ ថែមទាំងបានជេរប្រមាថ គំរាមកំហែង ថែមទៀតផង។

ពលរដ្ឋសង្ឃឹមថា លោកនគរបាលស័ក្តិ៤ សៅ បញ្ញា នឹងទទួលបានឱកាសជាប់គុក បានយូរសមនឹងការប្រព្រឹត្តកំហុសនេះ ព្រោះតែនេះជាអំពើដែលបាន ប្រមាថយ៉ាងធ្ងន់ធ្ងរលើ នគរបាលចរាចរណ៍ ហើយក៏ជាការប្រមាថនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕

https://youtu.be/8mQbJQuiydg

មតិយោបល់