ព័ត៌មានជាតិ

បើកទ្វារតូបទ្បើង តក់ស្លុតយ៉ាងខ្លាំង..

ប៉ៃលិនៈ នៅវេលាម៉ោង ០៦ និង ៣០នាទីព្រឹកថ្ងៃទី​ ១៥ ខែមិនា ឆ្នាំ២០១៩ មានករណីអំពើចោរកម្ម លួចឥវ៉ាន់ក្នុងតូបលក់ដូរមួយកន្លែង ស្ថិតនៅផ្សារសាមគ្គី (ហៅប៉ាហ៊ី) ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ មាស ស្រី (ហៅពៅ) ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបរ ជាអ្នកលក់ដូរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស ០២នាក់ មានឥវ៉ាន់ដាក់លើរទះ កាលពីវេលាម៉ោង ០១ រំលងអធ្រាត្រ ពេលនោះគាត់បានសួរនាំ ពីរឫបីម៉ាត់ ពួកគេឆ្លើយរួចក៏នាំគ្នាអូសរទះ ដាក់នឹងម៉ូតូជិះចេញទៅបាត់។

ប្រភពដដែល បានបន្តទៀតថា គាត់មិនបានចាប់អារម្មណ៍ថា ជាចោរអ្វីនោះឡើយ ដោយនឹកស្មានថា ជាអ្នករៀបចំឥវ៉ាន់នៅក្នុងផ្សារ លុះព្រឹកឡើងទើបផ្អើលឆោឡោ ថាមានចោរចាក់សោលួចឥវ៉ាន់ក្នុងតូប។

សម្ភារបាត់បង់រួមមាន៖
– កូនធុងបាស ម៉ាក JBL ១គ្រឿងតម្លៃ៣០០ដុល្លារ
– អាវកូនក្មេង ខោខ្លី(លីអូ)
– ខោអាវកូរ៉េជាច្រើន
– សារុងអស់១២០

បន្ទាប់ពីមានករណីចាក់សោលួចនៅក្នុងផ្សារបែបនេះ អ្នកលក់ដូរជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈផ្សារមានសន្តិសុខ តែដូចអត់សន្តិសុខ បែរជាធ្វេសប្រហែសបែបនេះ ដូច្នេះពួកគាត់ ក៏សំណូមពរដល់ប្រធានផ្សារ និងអ្នកគ្រប់គ្រងសន្តិសុខផ្សារទាំងអស់ ត្រូវតែពង្រឹងការការពារឲ្យបានហ្មត់ចត់ផងដែរ ។

ក្នុងហេតុការណ៍ខាងលើ លោក គង់ សំណាង អធិការរងនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា ក្រុមកងកម្លាំងជំនាញ កំពុងតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញា មកដាក់ទោសតាមនីតិវិធីច្បាប់៕

មតិយោបល់