តាកែវៈ នៅចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលព័ត៌មានអំពីករណីអត្តឃាត ដោយចងកមួយករណី នៅចំណុចភូមិខ្វាយខម ឃុំដូង ស្រុកបាទី ជនរងគ្រោះឈ្មោះ ឌី ង៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានយកទុយោជ័រពណ៌ស មួយកំណាត់ទៅចងក ជាមួយក្បាំងគ្រែ ក្នុងបន្ទប់ក្រោមផ្ទះ ។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើកោសល្យវិច្ច័យសាកសព រួចសន្និដ្ឋានថាជាករណីឃាតកម្ម ។ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃឹង សុគន្ធ ភេទប្រុស អាយុ៤៨ឆ្នាំ (ត្រូវជាប្តី) ដើម្បីធ្វើការសាកសួរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើឃាតប្រពន្ធរបស់ខ្លួនពិតមែន ដោយបានយកទុយោជ័រពណ៌ស មួយកំណាត់ទៅរឹបករួចយកទៅចងជាមួយក្បាំងគ្រែ រួចស្រែកប្រាប់អ្នកជិតខាងមកជួយដើម្បីបំបិទភស្តុតាង ។ មូលហេតុៈ ទំនាស់ក្នុងគ្រួសារ ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់