សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្រ្តាក់ និងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ នៅចំណុចត្រពាំងដំបូកខ្ពស់ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ ពង្ស ស៊ីវុទ្ធី ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ជនរងគ្រោះបានទៅចំការនៅខាងក្រោយផ្ទះ ចម្ងាប្រហែល៥០០ម៉ែត្រពីផ្ទះ ចំណែកប្រពន្ធធ្វើការនៅឯផ្ទះ។ លុះដល់ម៉ោង១៥និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយផ្គររន្ទះ នៅពេលនោះប្រពន្ធចេះតែឆ្ងល់ភ្លៀងហើយមិនឃើញប្ដីត្រឡប់មកផ្ទះវិញ លុះដល់ពេលភ្លៀងរាំងនៅរលឹមស្រិចៗប្រពន្ធក៏បានអោយកូនស្រីទៅមើលប្ដីនៅឯចំការ ពេលកូនទៅដល់បានតេមកប្រាប់ថាប៉ាស្លាប់បាត់ទៅហើយ ប្រពន្ធក៏បានរកសាច់ញតិជិតខាងអោយទៅជួយមើលនិងលើកសពប្ដីយកមកផ្ទះ លុះដល់ម៉ោង២១:០០ នាទីទើបបានរាយការណ៍ជូនសមត្ថកិច្ច។
តាមការធានាអះអាងពីសាច់ញាតិ (ប្រពន្ធ) បានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែនពុំមានពាក់ព័ន្ធនិង ករណីផ្សេងឡើយ ហើយក៏មិនបានដាក់ពាក្យបណ្ដឹងទៅណានៅថ្ងៃក្រោយឡើយ។
តាមការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ឃើញថា ផ្នែកក្បាល ភ្នែក មាត់ ច្រមុះ ត្រចៀកខាងឆ្វេង ពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ ដោយឡែក ថ្ពាល់ និង ត្រចៀកខាងស្ដាំមានស្នាមខ្លោចជាំលើស្បែក។
ការពិនិត្យនៅកន្លែងកើតហេតុជាក់ស្ដែង មានស្នាមរបកសំបកដើមចំបក់តាំងពីចុងរហូតដល់គល់ជាច្រើនកន្លែង និង មួកជនរងគ្រោះដែលនៅនិងកន្លែងកើតហេតុមានស្នាមឆេះខ្លោចធ្លុះជាច្រើនប្រឡោះ។
ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញ ពុំពិនិត្យឃើញមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ថាពាក់ព័ន្ធនិងករណីបទល្មើសព្រហ្មទណ្ឌឡើយ។ ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។ ក្រោយធ្វើកំណត់ហេតុសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់