ព្រៃវែងៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ផ្កាប់មុខនៅកណ្តាល វាលស្រែ ដោយមានស្លាកស្នាម វាយដំពេញខ្លួន ប្រាណផងដែរ លុះដល់សមត្ថកិច្ច ស្រាវជ្រាវយ៉ាងយូទើបដឹងថា បុរសដែលស្លាប់នេះ ត្រូវអ្នកភូមិព្រួតគ្នាវាយ ខណៈដែលបានលបលួចចូលទៅចាប់ រំលោភប្រពន្ធគេដល់ក្នុងផ្ទះនិង វាយប្អូនប្រុសស្ត្រីរងគ្រោះឲ្យរងរបួស ។
បើតាមការឲ្យដឹងពី អធិការស្រុកមេសាង លោក នៅ ហាច បានប្រាប់ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចវាលស្រែ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ លោកអធិការរូបនេះ បានបញ្ជាក់ថាសាកសពបុរសខាងលើនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ អ៊ូ ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិគ្រើល ឃុំព្រៃ រំដេង ស្រុកមេសាង ។
អធិការនគរបាលស្រុកមេសាង លោក នៅ ហាច បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦កញ្ញា ជនរងគ្រោះ អ៊ូ ទិត្យ បានធ្វើសកម្មភាពចូលទៅចាប់ស្ត្រីឈ្មោះ សាត យ៉ឹម អាយុ៣២ឆ្នាំ ប៉ុនប៉ងរំលោភ នៅក្នុងផ្ទះរបស់នាងតែម្តង ខណៈដែលប្តីរបស់នាងមិននៅផ្ទះ។ នៅពេលដែលជននេះ ចាប់អោបទ្រោប ទៅលើនាងនោះ ត្រូវបាននាងសាត យ៉ឹម ស្រែកឲ្យគេជួយផងដែរ។ លោកអធិការបានបញ្ជាក់ទៀតថា គាប់ជួនពេលនោះប្អូនប្រុសថ្លៃនារីរងគ្រោះឈ្មោះ សយ កក អាយុ៣៣ឆ្នាំ បានជិះម៉ូតូមកដល់មុខផ្ទះ ឮសំឡេងបងថ្លៃស្រែកឲ្យជួយ ក៏រត់ចូលទៅជួយក៏ត្រូវឈ្មោះ អ៊ូ ទិត្យ វាយមួយឈើជ្រុងចំក្បាលបណ្តាល ដួលសន្លប់រងរបួសជាទម្ងន់។
ខណៈដែលឭសម្លេងស្រែក នោះរបស់ស្ត្រីរងគ្រោះនោះ ទើបផ្អើលដល់អ្នកស្រុក២ភូមិ គឺភូមិបឹង និងភូមិអណ្តូងត្រាច នាំគ្នារត់មកជួយ និងវាយឈ្មោះ អ៊ូ ទិត្យ ឡើងទ្រោមខ្លួនទម្រាំ តែរត់គេចរួចចេញទៅក្រៅភូមិរត់កាត់តាមវាលស្រែ។ លោកអធិការបន្តទៀតថា ខណៈនោះអ្នកភូមិមិនបានដេញតាមទេ គឺរវល់តែនាំគ្នាជួយយកឈ្មោះ សយ កក ដែលរបួសធ្ងន់ទៅមន្ទីរពេទ្យ។
លុះដល់ព្រឹកឡើងថ្ងៃទី៧កញ្ញា ក៏ស្រាប់តែអ្នកភូមិដើរកាត់តាមភ្លឺស្រែ ប្រទះឃើញសាកសពឈ្មោះ អ៊ូ ទិត្យ ដេកស្លាប់ផ្កាប់មុខ ក្នុងវាលស្រែបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល។
ពាក់ពន្ធនិងករណីខាងលើនេះ លោកអធិការស្រុកមេសាងបានបញ្ជាក់ថា ឈ្មោះ អ៊ូ ទិត្យ ដែលស្លាប់នោះ មានទោស២ករណី គឺទី១ជាប់ពីបទប៉ុនប៉ងរំលោភ ទៅលើស្ត្រីឈ្មោះ សាត យ៉ឹម និងបង្ករបួសស្នាមទៅលើឈ្មោះ សយ កក ។ ប៉ុន្តែជនដៃដល់ដែលវាយសម្លាប់ឈ្មោះ អ៊ូ ទិត្យ ឯណេះវិញក៏ត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួន យកមកឲ្យទទួលខុសត្រូវ ចំពោះមុខច្បាប់ដែរ។ ចំពោះសពជនសង្ស័យ អ៊ូ ទិត្យ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ទៅគ្រួសារធ្វើបុណ្យ ៕
មតិយោបល់