ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិ តាមលំនៅដ្ឋានចំនួន០២នាក់ និងពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបងៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំបង្រ្កាប ករណីលួចទ្រព្យសម្បត្តិ តាមលំនៅដ្ឋាន មួយករណីដោយក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ គឺឈ្មោះ សឿន មេត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង និងឈ្មោះ ចិន រតនៈ ហៅរ័ត្ន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន ហ៊ាងហុក ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តឹងពីករណីដែលជនសង័្សយ បានលួចទ្រព្យសម្បត្តិ របស់គាត់ ដែលនោះគឺមានឈើចម្រុះសម្រាប់ប្រើប្រាស់ធ្វើជាគ្រឿងសង្ហាររឹម ចំនួនប្រមាណ០២ ម៉ែត្រគូប ។

នៅក្រោយពេលទទួលពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង័្សយទាំង ០២នាក់ខាងលើ និងបានធ្វើការដកហូត ឈើដែលលួចបាន កែច្នៃធ្វើទូឈើចំនួន០១ ហើយជាមួយនោះបាន រកឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ មិនទាន់ថ្លឹងទម្ងន់ រួមទាំងឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន ។

នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំបញ្ជូនសំណុំរឿង និងជនសង្ស័យ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់