ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់បន្លំធ្វើជាសមត្ថកិច្ច ដើរយកលុយពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម

ឧត្តរមានជ័យៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកអន្លង់វែង បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីក្លែងបន្លំ ធ្វើជាសមត្ថកិច្ច មន្ត្រីសាលាដំបូងខេត្ត ឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។

ជនសង្ស័យទាំងពីរមាន ១-ឈ្មោះ លុន តុនឡេង (ឡេង) ភេទប្រុស អាយ៤៣ ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។ ២-ឈ្មោះ អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។

ដកហូតវត្ថុតាងរួមមាន៖ រថយន្ត ០១ គ្រឿង,ទូរស័ព្ទ ០៣ គ្រឿង ។

ករណីនេះក្រោយជំនាញបានសួរនាំ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រខាងលើពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកច្ចជំនាញ រៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់