ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីយកដំបងឫស្សី វាយបុរសម្នាក់បណ្តាលឲ្យរបួសដេរជាច្រើនថ្នេរ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ករណីហិង្សាដោយចេតនាកើតហេតុ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លី ស្រង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ខុម សុខុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពង់ដេកចុចទូរស័ព្ទដៃនៅក្នុងរោងចិព្ចឹាមត្រីរបស់ខ្លួន ដែលស្ថិតនៅផ្លូវលំទួលដំបង ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ ពេលនោះជនរងគ្រោះបានឃើញ មានភ្លើងឆេះនៅមុខរោង ហើយមានធំក្លិនសាំងយ៉ាងខ្លាំង ឃើញដូច្នេះក៏ទាញទូរស័ព្ទរត់ចេញមកខាងក្រៅរោង ស្រាប់តែឃើញជនសង្ស័យ មានភ្លើងឆេះពេញខ្លួន ឃើញដូច្នេះជនរងគ្រោះក៏ស្ទុះរត់ចេញពីរោងរបស់ខ្លួន តែត្រូវជនសង្ស័យ យកដាវកែច្នៃពណ៌ខ្មៅ ប្រវែងប្រហែលមួយម៉ែត្រ មកកាប់លើខ្លួន (ជនរងគ្រោះ) ត្រូវចំគុម្ពត្រចៀកមួយកន្លែង ខាងឆ្វេងដេរចំនួនពីរថ្នេរ ត្រូវចំក្បាលពោះចំនួនមួយកន្លែងដេរចំនួនពីរថ្នេរ ត្រូវចំម្រាមដៃកណ្តាលខាងស្តាំមួយកន្លែងដេរចំនួនពីរថ្នេរ និងត្រូវចំកំភួនជើងចំហៀងខាងឆ្វេងមួយកន្លែង ភ្លាមនោះជនរងគ្រោះបានរត់គេចចេញពីការវាយរបស់ជនសង្ស័យ បានចំងាយប្រហែលបីរយម៉ែត្រ ក៏បានតេទូរស័ព្ទអោយបងប្អូនមកជួយ បន្ទាប់មក បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះទៅដល់កន្លែងហេតុ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ យកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថាៈ ខ្លួនពិតជាបានយកសាំងចំនួនមួយលីត្រ បំរ៉ុងដុតរោងជនរងគ្រោះពិតមែន តែពេលដុតនោះក៏ត្រូវភ្លើងឆេះខ្លួនឯង បណ្ដាលអោយមានរបួសត្រង់ដៃខាងស្ដាំ និងចង្កេះខាងស្ដាំ ហើយខ្លួនក៏បានយកដំបងឫស្សី មុខប្រឆិតវាយលើជនរងគ្រោះប្រាកដមែន (មិនបានយកដាវកែច្នៃមកកាប់ជនរងគ្រោះនោះទេ) ។

បច្ចុប្បន្នជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់