បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សាច់និងគ្រឿងក្នុងជ្រូកចំនួន១.៥០០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានសហការ ជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ស្ទាក់ចាប់បាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ២០២១ម្សិលមិញ លើកំណាត់ផ្លូវលំមួយ ជិតបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា៖រថយន្តដែលលួចដឹកសាច់ និងគ្រឿងក្នុងជ្រូក រថយន្តកូរ៉េ០១គ្រឿងពាក់ស្លាកលេខបាត់ដំបង ៣A.២៥៦១ ក្នុងនោះមាន៣០ កេសស្នោ ដែលក្នុង១កេសមានទម្ងន់៥០គីឡូក្រាម សរុប ១.៥០០ គីឡូក្រាម ។ ក្រោយឃាត់បានពុំមានជនណាម្នាក់ចេញមុខទទួលខុសត្រូវថាជាម្ចាស់ទំនិញនោះឡើយគ្រាន់តែដឹងថាម្ចាស់រថយន្ត ដឹកសាច់ និងគ្រឿងក្នុងខាងលើឆ្លើយថាខ្លួនស៊ីឈ្នួលដឹកឲ្យគេទេមិនស្គាល់ម្ចាស់ទំនិញឡើយហើយសាច់ ទាំងនេះគ្រោងដឹកទៅកាន់ខេត្តបាត់ដំបង ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ប្រាប់ឲ្យដឹងថា៖ការឃាត់ចាប់រថយន្តដឹកសាច់ជ្រូកនិងគ្រឿងក្នុងជ្រូកនេះ មន្ត្រីជំនាញខាងលោកបានសហការ ជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ។ ករណីចាប់សាច់និងគ្រឿងក្នុងជ្រូកនេះ គឺឃាត់មនុស្ស ២នាក់ផងដែរ ម្នាក់ជាអ្នកបើករថយន្ត និងម្នាក់ជាអ្នករួមដំណើរ ហើយយោងតាមការសាកសួរ អ្នកបើករថយន្ត ដឹកសាច់និងគ្រឿងក្នុងខាងលើហាក់និយាយដោះសារថាខ្លួនមិនស្គាល់ម្ចាស់ទំនិញនោះទេ មនុស្សទាំង២នាក់ កំពុងនាំយកទៅសាកសួរបន្តនៅការិយាល័យបន្តទៀត។
លោកបញ្ជាក់ថា៖ សាច់ទាំងនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងឡើយ ហើយការវេចខ្ចប់នេះទៀតសោត ក៏មិនត្រឹមត្រូវតាមស្តង់ដា ឬបទដ្ឋានបច្ចេកទេសផងដែរ បើការដឹកជញ្ជូនមានលក្ខណៈស្តង់ដា ឬ តាមបទដ្ឋានបច្ចេកទេស តែអត់ច្បាប់មន្ត្រីជំនាញគ្រាន់តែធ្វើកាផាកពិន័យតែប៉ុណ្ណោះ តែសាច់និងគ្រឿងក្នុងជ្រូកទាំងនេះ បានរាយការណ៍ ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោលរួចហើយ គ្រោងនិងដុតកម្ទេចនៅថ្ងៃស្អែក និងយកសំណាកវិភាគសាច់ទាំងនេះទៅធ្វើតេស្តរកមេរោគផងដែរ។ សាច់សត្វទាំងអស់នេះ អាចនាំចូលពីថៃតាមច្រករបៀងក្នុងស្រុកកើតហេតុខាងលើក៏ថាបាននេះជាការសង្ស័យរបស់មត្ថកិច្ចចំរុះតែប៉ុណ្ណោះ៕
មតិយោបល់