ភ្នំពេញៈ កាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចខាងលើមជ្ឈមណ្ឌលលាងសំអាតរថយន្តឡាក់ឃី ស្ថិតតាមបណ្តោយផ្លូវ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ៅ អាយុ ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ មឿន សារី ភេទស្រី អាយុ ៤០ឆ្នាំ ជាស្ត្រីមេម៉ាយកូន ៣នាក់ មុខរបរលក់ឥវ៉ាន់ចាប់ហួយស្នាក់នៅកន្លែងកើតហេតុ។
ដំណើររឿង៖ តាមសម្ដីពីស្ត្រីរងគ្រោះប្រាប់ឲ្យដឹងថា គាត់គឺជាស្ត្រីមេម៉ាយនិងមានកូនស្រីចំនួន ៣នាក់ ដោយគាត់បានមកធ្វើការដាក់ឆាតធ្វើជាតូបលក់អីវ៉ាន់ចាប់ហួយនៅត្រង់ចំណុចកើតហេតុអស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលអីវ៉ាន់ចាប់ហួយនោះគឺ គាត់បើកលក់នៅពេលថ្ងៃរហូតដល់ពេលយប់ទើបគាត់ និងកូនស្រីៗនាំគ្នាទាញក្រណាត់បាំងជុំវិញឆាតធ្វើជាជញ្ជាំងដោយគាត់គឺជាអ្នកដេកយាមនៅខាងក្នុង ចំណែកឯកូនស្រីទាំង ៣នាក់ គឺសំរាកនៅក្នុងបន្ទាប់ជួលមួយកន្លែងដែលនៅក្បែរនោះ ហើយកន្លងមកនៅពេលយប់ស្ងាត់ ខណៈពេលដែលគាត់ដេកលក់ក៏ធ្លាប់មានចោរលូនចូលមកលួចទ្រព្យសម្បត្តិរបស់គាត់បានសម្រេចអស់ចំនួន ៦លើករួចមកហើយ បាត់បង់ដូចជាទូរស័ព្ទដៃចំនួន ២គ្រឿង កាត់ទូរស័ព្ទសំរាកលក់រួមទាំងលុយដែលលក់បានមួយចំនួនផងដែរ។
លុះដល់យប់កើតហេតុជនរងគ្រោះក៏បានបន្តដើរចូលទៅសម្រាកនៅខាងក្នុងតូបជាធម្មតាតែម្នាក់ឯង រហូតដល់វេលាកើតហេតុបន្ទាប់ពីភ្ញាក់ពីដេកជនរងគ្រោះ ក៏បានឃើញស្រមោលមនុស្សដើរជុំវិញ តូបរបស់គាត់គាត់ក៏ប្រញាប់ប្រញាល់ទំនាក់ទំនងទៅអ្នកជិតខាង តាមទូរស័ព្ទហើយក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចចូលទៅកាន់បន្ទប់ ក៏ស្រែកឆោឡោធ្វើឲ្យជនសង្ស័យហើយរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាមានបំណងចូលទៅលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្ដែពេលកន្លងមករូបគេមិនធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពីទោសរបស់ជនរងគ្រោះទេ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញ នាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់