ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចកាបូបប្រាក់

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ០៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥​ ខែសីហា​ ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី មានករណីអំពើលួច (កាបូបប្រាក់) ចំណុច ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផាត ចិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់៖ ១–ឈ្មោះ មឿន សិដ្ឋ ហៅ ចង់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យកសំណាក រកមេរោគកូវីដ–១៩ លទ្ធផល អវិជ្ជមាន (ឃាត់ខ្លួន ។ ២–ឈ្មោះ អូន វ៉ាន់ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកសំណាករកមេរោគកូវីដ–១៩ លទ្ធផល អវិជ្ជមាន (ឃាត់ខ្លួន ) ។

វត្ថុតាងចាប់យក៖ –កាបូបស្ពាយពណ៌ខ្មៅចំនួន០១, –ប្រាក់រៀលចំនួន១៤៣០០០៛, –ទូរស័ព្ទម៉ាក OPPO A5 ពណ៌ខ្មៅចំនួន០១គ្រឿង,– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក,–កាតចាក់វ៉ាក់សាំងកូវីដ–១៩ ចំនួន០១សន្លឹក
– ប័ណ្ណសម្គាល់រថយន្ត០១សន្លឹក,– ប័ណ្ណបើកបរចំនួន០១សន្លឹក(ជារបស់ជនរងគ្រោះ) ។ –កាបូបស្ពាយពណ៌ខ្មៅចំនួន០១,– ដង្កាបចំនួន០១(ជារបស់ជនសង្ស័យ) ។

នៅថ្ងៃទី១៥.០៨.២០២១ វេលាម៉ោង៥និង៣០នាទី ជនរងគ្រោះ និងប្រពន្ធខ្លួនបានជិះរថយន្តដឹកខោអាវ យកទៅលក់នៅឯផ្សារ វិហារសួគ៌ ក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ដោយរើខោអាវដាក់តាំងលក់ នៅខាងក្រៅរថយន្ត ។

រហូតដល់ម៉ោង១០និង០០នាទី ជនរងគ្រោះនិងប្រពន្ធបានសារខោអាវ ដាក់ក្នុងរថយន្តវិញ ហើយជននរងគ្រោះ បានយកកាបូបស្ពាយខ្លួន ដាក់នៅក្នុងរថយន្ត តែមិនបានចាក់ឡុកសោទ្វាររថយន្តឡើយ ។ ដល់ម៉ោង១១:០០នាទីថ្ងៃដដែល ជនរងគ្រោះ និងប្រពន្ធបានអង្គុយហូបបាយ នៅមុខផ្ទះឈ្មោះ ភារម្យ ស្រី (ប្តីប្រពន្ធ) ចម្ងាយពីកន្លែងទុករថយន្ត ប្រហែល៥ម៉ែត្រ ក្នុងពេលនោះជនសង្ស័យទាំងពីរនាក់ បានដើរមកដល់ ហើយជនសង្ស័យឈ្មោះ អូន វ៉ាន់ បានបើកទ្វាររថយន្ត លួចយកកាបូបស្ពាយរបស់ជនរងគ្រោះ ហើយនាំគ្នាដើរគេចខ្លួនទៅទិសខាងត្បូង ក្នុងពេលនោះ ក៏មានអ្នកនៅទីនោះ បានឃើញហើយស្រែកប្រាប់ជនរងគ្រោះថា ចោរឆក់យកកាបូបទៅបាត់ហើយ ជនរងគ្រោះក៏ស្ទុះចេញមករត់ដេញតាមជនសង្ស័យ ហើយបានស្រែកថាចោរៗ ជនសង្ស័យបានបោះកាបូបចោល ក្បែររបងវត្តវិហារសួគ៌ បន្ទាប់មកមនុស្សនៅទីនោះ បានឃាត់ជនសង្ស័យបានទាំងពីរនាក់ និងបានរាយការជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ៕

មតិយោបល់