កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៣០នាទី មានករណីប៉ុនប៉ងឃាតកម្ម បណ្ដាលឲ្យរបួសធ្ងន់មនុស្សម្នាក់ នៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ យី សុង អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ ឈ្មោះ ថា រ៉ាឌី ហៅ ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល អវិជ្ជមាន (-) មេរោគកូវីត ១៩(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ឫស្សីចំនួន០១ដើម មានចុងស្រួច ទំហំប៉ុនមេជើង ។
នៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុ ខណៈពេលជនរងគ្រោះ យី សុង កំពុងដើរតាមផ្លូវ ដើម្បីទៅឃ្វាលគោ ស្រាប់តែបានជួបជនសង្ស័យ ថា រ៉ាឌី ពេលនោះជនសង្ស័យ បានយកដំបងឫស្សីចុងស្រួចខាងលើ ចាក់ទៅលើថ្ពាល់របស់ជនរងគ្រោះ ហើយបានដកឫស្សីនោះពីថ្ពាល់ជនរងគ្រោះវិញ បណ្ដាលអោយជនរងគ្រោះមានរបួសដាច់សាច់ហូរឈាមយ៉ាងខ្លាំង រួចហើយក៏បានធ្វើសកម្មភាព យកដំបងឫស្សីដដែលវាយទៅលើជនរងគ្រោះបន្ថែមទៀត តែត្រូវបានជនរងគ្រោះលើកដៃរង បណ្ដាលឲ្យមានរបួសដៃបន្ថែមទៀត ។ ក្រោយមកជនរងគ្រោះបានព្យាយាមរត់គេចពីជនសង្ស័យ ហើយត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ចេញមកជួយចាប់ជនសង្ស័យជាប់ មិនអោយធ្វើសកម្មភាពបន្តទៀតបាន បន្ទាប់មកជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ និងព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្អាង ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី ៕
មតិយោបល់