ព័ត៌មានជាតិ

យកដុំឈើគប់សមត្ថកិច្ចរួចព្យាយាមរត់គេចដោយផ្តួលម៉ូតូចោលបាន ២ថ្ងៃ មកសុំម៉ូតូវិញ ខ្នោះល្មម

ភ្នំពេញ: ជនសង្ស័យ១នាក់ក្នុងចំណោមបក្ខពួក ២នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដំបងឈើ គប់មកលើសមត្ថកិច្ច រួចព្យាយាមជិះគេចតែត្រូវកម្លាំងដេញតាមរួចក៏ផ្តួលម៉ូតូចោលរត់យកតែរួចខ្លួនរហូតបាន ២ថ្ងៃ មកសុំម៉ូតូពីសមត្ថកិច្ចវិញត្រូវឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅទី២នេះតែម្តង។

ជនសង្ស័យទី១ខាងលើមានឈ្មោះ អ៊ុ រតនា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)។
ទី២ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)។

ចំណែកជនរងគ្រោះទី១ ឈ្មោះ យ៉ុន ដាណេត ភេទប្រុស មុខរបរ សម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២។
ទី២ឈ្មោះ ស្រេង ពូង ភេទប្រុស មុខរបរ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២។

សម្ភារ:បាត់បង់ ឬរបួសស្នាម ( មិនបង្ករបួសស្នាម)។
សម្ភារ:បន្សល់ទុក ដំបងឈើជ្រុងទំហំ ១១.៥cm×៧cm ម៉ូតូមួយគ្រឿងម៉ាក BAJAJ Pulsar ពាក់ស្លាកលេខ ភ្នំពេញ 1CI-1506។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង ៩និង០០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានចេញល្បាតនៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន រហូតមកដល់ចំណុចមុខក្លឹបហាត់ប្រាណមួយកន្លែង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក BAJAJ Pulsar ពាក់ស្លាកលេខ ភ្នំពេញ 1CI-1506 ជិះតាមពីក្រោយម៉ូតូរបស់សមត្ថកិច្ចកំពុងល្បាត ពេលមកដល់ស្រាប់តែជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយបានយកឈើជ្រុងគប់សំដៅមកលើសមត្ថកិច្ចតែសំណាងមិនត្រូវ ភ្លាមៗជនសង្ស័យព្យាយាមជិះគេច តែត្រូវកម្លាំងសមត្ថកិច្ចដេញតាមរហូតទាល់តែជនសង្ស័យផ្តួលម៉ូតូចោលរួចរត់បាត់ស្រមោល រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែសីហានេះ ស្រាប់តែជនសង្ស័យម្នាក់បានមកសុំម៉ូតូពីសមត្ថកិច្ចវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់