ព័ត៌មានជាតិ

ករណីប្លន់! ជនសង្ស័យមួយក្រុមធ្វើសកម្មភាព ប្រើកាំបិតប៉័ងតោដេញកាប់គំរាមជនរងគ្រោះយកម៉ូតូអស់មួយគ្រឿង នៅសង្កាត់ព្រៃស

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៥នាទីយប់ មានករណីជនសង្ស័យមួយក្រុម ធ្វើសកម្មភាពប្លន់ដេញកាប់គំរាមយកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវបេតុង ទល់មុខការ៉ាសសាំង លឹម ឡុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សែម ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ HG-4728 (ចោរប្លន់បានសម្រេច) មុខរបរបើករថយន្ត ស្នាក់នៅភូមិត្រពាំងវែង ឃុំវាស ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានចេញពីធ្វើការត្រឡប់ទៅផ្ទះ ឯខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរពីត្បូងទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង មានគ្នា ៤ទៅ៥នាក់ លើកជើងធាក់ម៉ូតូ បណ្ដាលឲ្យដួល និងទាញកាំបិតប៉័ងតោគំរាមកាប់ ឃើញដូច្នោះជនរងគ្រោះភ័យស្លន់ស្លោរត់យកតែរួចខ្លួន ចំណែកម៉ូតូ ត្រូវបក្ខពួកជនសង្ស័យលើកជិះ ឆ្ពោះចូលក្នុងក្រុងភ្នំពេញវិញ។

ក្រោយពេលកើតហេតុប្រហែល មួយសន្ទុះទើបឃើញសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើ នាំជនរងគ្រោះមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងឲ្យដាក់ពាក្យបណ្ដឹង។

សូមបញ្ជាក់៖ បញ្ហាខាងលើនេះ ពលរដ្ឋក្នុងសង្កាត់ព្រៃសបានសំណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យលោកមេប៉ុស្តិ៍សង្កាត់ព្រៃស ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតក្នុងមូលដ្ឋានជាប្រចាំផង នេះគ្រាន់តែជាពាក្យពេជន៍រិះគន់ ដើម្បីស្ថាបនាប៉ុណ្ណោះ សូមកុំខឹងនាយក្ដាមសមុទ្រអី៕

មតិយោបល់