ព័ត៌មានជាតិ

ជនជាប់ចោទចំនួន០៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា ពីបទជួញដូរនិងប្រើសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្តីពីការចាប់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន០៣នាក់ តាមដីកាចំនួន០៣ករណីពីបទ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។

ទី១-នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ប៉ុស្តិ៍ច្បារអំពៅ១ ចាប់ខ្លួនជនត្រូវចោទម្នាក់ នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅ១ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៦៩០ ត.ព្រ ចុះថ្ងៃទី ៣០-១០-២០១៥ ដោយលោកគឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ពីបទ: ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។ ជនត្រូវចោទឈ្មោះ វួច ដាវិដ ហៅ អ៊ួង ចាន់ពិសិដ្ឋ ហៅ ប៉ារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ ១៣E0 ផ្លូវ៣៦១ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ។

ទី២-នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួនទណ្ឌិតម្នាក់ នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០០៥ អ យ ក ចុះថ្ងៃទី៣១-០៥-២០២១ ដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទៈ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះ២៤៣ ផ្លូវ២៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩-១២-២០១៤ ។ ទណ្ឌិតឈ្មោះ លាស់ រិនហៅតាំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ២៤៣ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ទី៣-នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ប៉ុស្តិ៍ព្រែកថ្មី ចាប់ខ្លួនជនជាប់ចោទម្នាក់ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី តាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនលេខ១៣៨៧ ដ ច ន ចុះថ្ងៃទី១៩-១០-២០២០ ដោយលោកកើត សាំង ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ពីបទៈ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨-០១-២០២០ ។ ជនជាប់ចោទឈ្មោះ អ៊ឹន កន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ។

បច្ចុប្បន្នជនទាំងបីនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់