ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន មន្រ្តីយោធាម្នាក់ពាក់សក្តិ៤កន្លះប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌខណៈដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួលហើយបែរជាលួចតេទូរស័ព្ទទៅរកប្រុសថ្មី។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា មុនពេលកើតហេតុគឺស្រ្តីជាសង្សារប្រកបមុខរបរបោកអ៊ុតបានទូរស័ព្ទសួរជនសង្ស័យឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុស អាយុ៤០ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជួលខាងលើថាបងហូបបាយហើយរឺនៅ?ដោយសារពួកគេទាំង០២នាក់បានស្រលាញ់និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយៈពេល០២ឆ្នាំមកហើយ ។នៅពេលនោះជនសង្ស័យក៏ប្រាប់ថាមិនទាន់ហូបបាយនៅឡើយនោះទេ។ជនសង្ស័យក៏បានប្រាប់នាងជាសង្សារឱ្យមកផ្ទះជួលរបស់ខ្លួន បន្ទាប់មកស្រ្តីជាសង្សារដែលមានឈ្មោះ ស ស ព ជ អាយុ២១ឆ្នាំ ក៏បានយល់ព្រមហើយបិទតូបបោកអ៊ុត មកដេកជាមួយជនសង្ស័យនៅផ្ទះជួលខាងលើនោះ។ខណៈដែលអ្នកទាំង០២នាក់នៅជាមួយគ្នានៅក្នុងផ្ទះជួល ស្រាប់តែនាងជាសង្សារក៏លួចតេទូរស័ព្ទទៅរកប្រុសផ្សេង ដោយមានការសង្ស័យជនសង្ស័យក៏តាមដានហើយឃើញនាងជាសង្សារលួចទាក់ទងតាមទូរស័ព្ទទៅប្រុសផ្សេងនោះមែនក៏ខឹងជាខ្លាំងដោយបានទាញអាវុធខ្លីមិនស្គាល់ម៉ាកបាញ់គំរាមសង្សារ០២គ្រាប់ផ្ទុចដីបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ។ក្រោយពីផ្ទុះអាវុធនោះហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អនុវត្តតាមបញ្ជាផ្ទាល់របស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យនិងវត្ថុតាងអាវុធខ្លី០១ដើមម៉ាកSTI បង់០១ ,គ្រាប់០៩គ្រាប់និងសំបកកាទូស០២គ្រាប់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែម្តង។
លោកអធិការរងបានប្រាប់ឱ្យដឹងថា ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់