ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានខមិនក្នុងហ្វេសប៊ុក ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ សូមជួយមើលផងលោកពូល្បែងស៊ីសងច្រើនណាស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ សហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ស្រុក ចុះស្រាវជ្រាវបង្រ្កាបករណីខាងលើ ។
ជាលទ្ធផល៖ នៅថ្ងៃព្រហស្បត្តិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ បានដាក់កម្លាំងស្រាវជ្រាវ និងបង្រ្កាបនៅចំណុចផ្ទះឈ្មោះ ម៉ិល សុភី ស្ថិតភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានឃាត់ខ្លួនមុខសញ្ញាកំពុងលេងល្បែងស៊ីសង ចំនួន០៥នាក់ និងចាប់យកវត្ថុតាងមួយចំនួន រួមមាន៖
១- ឈ្មោះ ម៉ិល សុភី ភេទស្រី អាយុ៥៦ឆ្នាំនៅភូមិកំពង់ពោធិ៍
២-ឈ្មោះ សាត ទី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិកំពង់ពោធិ៍
៣-ឈ្មោះ វ៉ន ញ៉ឹប ភេទស្រី អាយុ ៥១ ឆ្នាំនៅភូមិកំពង់ពោធិ៍
៤-ឈ្មោះ ផាត ម៉ាប់ ភេទស្រី អាយុ ៣៣ ឆ្នាំ នៅភូមិកំពង់ពោធិ៍
៥-ឈ្មោះ ហេង សៀងង៉ ភេទស្រី អាយុ ៥៤ឆ្នាំ នៅភូមិក្បាលជ្រោយ ។
វត្ថុតាងចាប់យករួមមាន៖ ១-បៀរនីឡុងចំនួន ១០៣ សន្លឹក,២-ប្រអប់បៀរចំនួន ០២,៣-ទូរសព្ទ័ OPPO ០១ គ្រឿង
៤-កន្សែងពណ៌ក្រហមចំនួន ០១,៥-កំប៉ុងជ័រចំនួន ០១,៦-លុយចំនួន ១០២,៥០០ រៀល ។
ក្រោយពីធ្វើការបង្រ្កាបកម្លាំងសមត្ថកិច្ចបានបញ្ជូនអ្នកពាក់ព័ន្ធទាំង០៥នាក់ រួមទាំងវត្ថុតាង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ។ បន្ទាប់ពីសួរនាំរួច ដោយផ្អែកតាមចម្លើយសារភាព ឃើញថាអ្នកទាំង០៥នាក់ បានលេងល្បែង (បៀរ) ស៊ីគូថៃតិចតួច កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យា ណែនាំ អប់រំ ជាលើកទី១ ឲ្យបញ្ឈប់ដាច់ខាតការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងគ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ រួចឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន ៕
មតិយោបល់