ព័ត៌មានជាតិ

យុវជន ៣នាក់ ទៅមិនទាន់ដល់រោងបុណ្យជីដូនផង បែរជាជួបរឿងបែបហ្នឹង…

ភ្នំពេញ: យុវជន ៣នាក់ជិះ ម៉ូតូចេញពីផ្ទះបំណងទៅធ្វើបុណ្យជីដូន ស្រាប់តែរថយន្តកៀរទៅបុកម៉ូតូស្ត្រីម្នាក់ ដែលកំពុងជិះបញ្ច្រាសផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ ២នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ចន្លោះស្ពានទី១២ និងទី១៣ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្ក មិនចាំម៉ាកនិងស្លាកលេខនោះទេ បានគេចចេញពីកន្លែងកើតហេតុ។
ម៉ូតូ ដែល ជ្រុលទៅបុកគេម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO 9348 ជិះឌុបគ្នាដោយយុវជន ៣នាក់។
ម៉ូតូមួយគ្រឿងទៀតម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AI 3538 ជិះដោយស្ត្រីម្នាក់បញ្ច្រាសផ្លូវដឹកកាឆេនំបុ័ងពីក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូដែលជិះឌុបគ្នាដោយយុវជន ៣នាក់ បានជិះចេញពីផ្ទះនៅភ្នំពេញ សំដៅទៅខេត្តព្រៃវែងបំណងទៅបុណ្យ ៧ថ្ងៃ របស់ជីដូន លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកខ្វះការប្រុងប្រយ័ត្នកៀរម៉ូតូនោះ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងជិះបញ្ច្រាសផ្លូវដោយស្ត្រីម្នាក់ បណ្តាលឱ្យដួលម៉ូតូទាំងពីរគ្រឿងរងរបួសធ្ងន់ប្រុសម្នាក់ស្រីម្នាក់ និងស្រាលប្រុស ២នាក់។

ក្រោយពីកើតហេតុជនរងគ្រោះដែលងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅគ្លីនិកផ្សេងគ្នា ឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់ វែងយករក្សាទុកនៅប៉ុស្តិ៍ដើម្បីដោះស្រាយជាក្រោយ៕

មតិយោបល់