(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃសុក្រ ទី២១ ខែសីហានេះបាននិយាយថាចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ ក្រុមតាលីបង់ នៅក្នុងករណីចាំបាច់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មី។
ការលើកឡើងបែបនេះរបស់លោក បូរីស ចនសុនធ្វើឡើងចំពេលរដ្ឋមន្ត្រីការបរទេសរបស់លោក កំពុងរងការរិះគន់ជុំវិញការជម្លៀសពលរដ្ឋអង់គ្លេស និងប្រជាជន
អាហ្វហហ្កានីស្ថានមួយចំនួនចេញពីរដ្ឋធានីកាប៊ុល។ លោក ចនសុន បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយដូច្នេះថា «អ្វីដែលខ្ញុំចង់ធានាជូនប្រជាជន នោះគឺកិច្ចប្រឹងប្រែង
នយោបាយ និងការទូតរបស់យើងក្នុងការស្វែងរកដំណោះស្រាយសម្រាប់អាហ្វហ្កានីស្ថាន ក្នុងនោះរួមមានទាំងការធ្វើការជាមួយតាលីបង់ ប្រសិនបើចាំបាច់»។
ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក អង់គ្លេសបានជម្លៀសមនុស្ស ១,៦១៥នាក់ ក្នុងនោះមានពលរដ្ឋអង់គ្លេស ៣៩៩នាក់ និងបុគ្គលិកស្ថានទូតរបស់ខ្លួន៣២០នាក់ ព្រមទាំង ជនជាតិអាហ្វហ្កានីស្ថាន ៤០២នាក់ ចេញពីរដ្ឋធានីកាប៊ុល៕
ប្រភព៖ Reuters
មតិយោបល់