ព័ត៌មានជាតិ

បុរសម្នាក់បើកឡុចស៊ីស RX300 យ៉ាងលឿនជ្រុលបុកតូយ៉ូតាព្រូស បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មានបុរសម្នាក់ ស្រវឹងបើករថយន្តឡុចស៊ីស RX300 មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀត កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AY-2793 តាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្តុបកើតហេតុ ដែលជាភ្លើងស្តុបមានពណ៌ក្រហមរថយន្តនោះ ក៏បានឈប់ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-7705 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទិសដៅស្របគ្នា នៅខាងក្រោយរថយន្តព្រូស និងក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំពីក្រោយរថយន្ត តូយ៉ូតាព្រូស បណ្តាលឲ្យខ្ទាត១០ម៉ែត្រ រងការខូចខាតមួយ កំណាត់ក្រោយ ស្ទើរទាំងស្រុង ។ ចំណែកឯរថយន្តឡុចស៊ីស RX300 បានរងការខូចខាតខាងមុខយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ ឲ្យភាគីទាំងពីរធ្វើចរចាគ្នា ដោះស្រាយនៅកន្លែងកើតហេតុ ។ ដោយភាគីខាងរថយន្តឡិចស៊ីស RX300 ព្រមចេញសំណងជាទឹកប្រាក់ចំនួន២៥០០ដុល្លារ ឲ្យទៅភាគីខាងរថយន្តព្រូស ៕

មតិយោបល់