ភ្នំពេញៈ កូនតុងទីនប្រមាណជាង ១០នាក់ នាំគ្នាចាប់ឃាត់ខ្លួនស្ត្រីមេតុងទីនម្នាក់ ហើយប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ព្រែកតាសេក កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីជាមេតុងទីន ដែលត្រូវកូនតុងទីនចោទថារំលោភលើសេចក្ដីទុកចិត្ត ហើយបានចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនោះមានឈ្មោះ សុខ សំណាង ហៅ ភន អាយុ ២២ឆ្នាំ មានទីលំនៅនៅភូមិឃុំ កើតហេតុខាងលើ។
បើតាមសម្ដីដែលកូនតុងទីនជាង ១០នាក់នោះ បានអះអាងថា ពួកគាត់បានលេងតុងទីនជាមួយស្ដ្រីខាងលើ ជាច្រើនក្បាលមាន ក្បាល ១០០ដុល្លារ ៥០ដុល្លារ ២០ដុល្លារ និង១០ដុល្លារជាដើម ហើយក្បាលខ្លះដេញ ១ខែម្ដង កន្លះខែម្ដង ១សប្ដាហ៍ម្ដង និងក្បាលដេញរាល់ថ្ងៃក៏មាន ដោយក្នុងការលេងនេះមានរយៈពេលច្រើនឆ្នាំមកហើយដែរ។ ស្រាប់តែនៅថ្ងៃទី២១ ខែមករា កន្លងមកនេះ ស្ដ្រីដែលជាមេតុងទីន បានបិទទ្វារចាក់សោផ្ទះ ហើយគេចខ្លួនបាត់ដំណឹងសូន្យឈឹង។
លុះដល់រសៀលថ្ងៃទី២៦ កុម្ភៈ នេះពួកគាត់ជាកូនតុងទីន បានទាក់ទងបានហើយ ក៏នាំគ្នាណាត់ជួបនៅផ្ទះរបស់មេតុងទីននោះ។ ក្រោយមក ក៏មានការជជែកគ្នាខ្លាំងៗ រហូតក្លាយទៅជាទំនាស់បង្កភាពឆោឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយមក បុរសដែលជាប្ដីរបស់ស្ត្រីមេតុទីននោះ ត្រូវបានកូនតុងទីនចោទថា បានដកកាំភ្លើងគំរាមពួកគាត់ទៀតផង ទើបបណ្ដាលឲ្យពួកគាត់នាំគ្នាឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកតាសេក ជួយអន្តរាគមន៍ ហើយកូនតុងទីនទាំងនោះបាននាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្ដឹងប្តឹងស្ត្រីមេតុងទីនរូបនោះ ដើម្បីឲ្យសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនផងដែរ។
បច្ចុប្បន្នស្ត្រីដែលជាមេតុងទីនខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលព្រែកតាសេក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់