ព័ត៌មានជាតិ

ករណីហិង្សា! ជនជាតិវៀតណាម០២នាក់វាយគ្នា បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ដេរចំនួន៤៥ថ្នេរ

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​អាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាវេលាម៉ោង១២និង៣០នាទី ចំណុចមុខរោងលក់កាហ្វេរបស់ឈ្មោះ ប៉ោ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ភូ យ៉ាំងក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម កម្មករបូមខ្សាច់ មានទីលំនៅភូមិរកាកោង ឃុំរកាកុងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ រងរបួសចំនួន០៦កន្លែង ដេរចំនួន៤៥ថ្នេរ ។ ជនសង្ស័យឈ្មោះ ដាំង យ៉ាំងថាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ បំណែកកែវចំនួន០២ដុំ ។

នៅថ្ងៃទី២២.០៨.២០២១វេលាម៉ោង០៩និង០០នាទី ជនសង្ស័យបានទិញស្រាបៀរកម្ពុជា ចំនួន០៦កំប៉ុង ទៅផឹកនៅមុខផ្ទះឪពុកក្មេក របស់ខ្លួនឈ្មោះ ឌាំង នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ជាមួយឈ្មោះ វី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាអ្នកច្រូតស្មៅគោ ជនជាតិខ្មែរ ។ លុះផឹករហូតដល់វេលាម៉ោង១២និង០០នាទី ជនសង្ស័យក៏ឈប់ផឹកស្រាបៀរ ហើយដើរទៅនោមនៅក្បែរ រោងលក់កាហ្វេរបស់ឈ្មោះ ប៉ោង ពេលនោមរួចជនសង្ស័យ ក៏បានដើរចូលទៅក្នុងរោងកាហ្វេរបស់ឈ្មោះ ប៉ោ ពេលចូលទៅដល់ក៏ឃើញជនរងគ្រោះ នឹងមនុស្សផ្សេងទៀតចំនួន០៤នាក់ កំពុងលេងបៀរដាក់បារី ពេលនោះជនរងគ្រោះ បានបបួលជនសង្ស័យលេងបៀរដាក់បារី បើជនរងគ្រោះឈ្នះយកចំនួន០២កញ្ចប់ តែបើជនសង្ស័យឈ្នះ បានចំនួន០៤កញ្ចប់ ពេលនោះជនសង្ស័យបានឆ្លើយថា អញអត់លេងទេព្រោះអញអ្នកក្រ ភ្លាមនោះជនរងគ្រោះ ក៏បបួលជនសង្ស័យវាយគ្នាមួយស្មើ ហើយជនសង្ស័យក៏ឆ្លើយថា អញមិនមែនអ្នកប្រដាល់ទេ ហើយក៏ស្ងាត់មាត់រៀងខ្លួន ។

បន្ទាប់មកជនរងគ្រោះ ក៏បានបបួលជនសង្ស័យលេងបៀរទៀត តែជនសង្ស័យនៅតែប្រកែកមិនលេងជាមួយ ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះក៏បានដាល់ជនសង្ស័យចំនួន០១ដៃចំមុខ ហើយជនសង្ស័យក៏ស្ទុះទៅយកកែវកាហ្វេ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាមដូច បានរៀបរាប់ខាងលើ ហើយអ្នកនៅទីនោះក៏បានមកចាប់ឃាត់ជនរងគ្រោះនិងជនសង្ស័យ បន្ទាប់មកបងប្អូនជនរងគ្រោះ ក៏បាននាំជនរងគ្រោះយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនរកាកោង ចំណែកជនសង្ស័យ ត្រូវបានបងប្អូនរបស់ជនរងគ្រោះ មួយចំនួនទៀតចាប់ឃាត់ខ្លួន យកមកប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ។ ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកែវវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យមានរបួសស្នាមគិតមែន ។

ចំពោះជនសង្ស័យ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់