ព័ត៌មានជាតិ

កម្ពុជា រ៉ុស្សី ជួបគ្នាលើកដំបូង ពិភាក្សាលើផែនការ កសាងថាមពលនុយក្លេអ៊ែរ ដើម្បីសន្តិភាព

ភ្នំពេញៈ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានរៀបចំ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួម កម្ពុជា-រុស្ស៊ី សម្រាប់សម្របសម្រួល កិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យ គោលបំណងសន្តិភាព នាទីស្តី ការក្រសួងបរិស្ថាន ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ ដោយចីរភាព (ក.ជ.អ.ច.) និង លោក Dmitry Tsvetkov (ឌីមីទ្រី ស្វេតហ្គូវ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា។

លោក សាយ សំអាល់ មានប្រសាសន៍ថា “គោលបំណងសំខាន់ នៃកិច្ច ប្រជុំនេះ គឺ ដើម្បីពិភាក្សា និងពិគ្រោះ យោបល់ទៅលើ ការអនុវត្តអនុស្សរណៈ នៃការយោគយល់ចំនួន៣ រវាងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយចីរភាព និងសាជីវកម្ម ថាមពលបរមាណូរដ្ឋ (Rosatom) ដែលបានចុះហត្ថលេខា កន្លងមក ពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី ក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យ គោលបំណងសន្តិភាព”។ ទាក់ទិននឹង ព័ត៌មាន បច្ចេកទេស ភាគីរុស្ស៊ី បានបង្ហាញលម្អិត ដើម្បីជា មូលដ្ឋាន ចំណេះដឹងសម្រាប់កិច្ច ពិភាក្សាគ្នាបន្ត ដូចជាវដ្ត ឥន្ធនៈនុយក្លេអ៊ែរ ការសាងសង់មជ្ឈមណ្ឌល ព័ត៌មាន ការរចនានិងសាងសង់ រោងចក្រ ថាមពលនុយក្លេអ៊ែរ និងមជ្ឈមណ្ឌល សា្រវជ្រាវរេអាក់ទ័រ បរិក្ខារសម្រាប់ការ គ្រប់គ្រងសំណល់ វិទ្យុសកម្ម ការអប់រំនិង បណ្តុះបណ្តាលជាដើម។

ទន្ទឹមនេះដែរភាគី កម្ពុជា ក៏បានលើកឡើង ពីការសាងសង់ មជ្ឈមណ្ឌល ព័ត៌មាន នុយក្លេអ៊ែរ នៅកម្ពុជា ការប្រើប្រាស់វិទ្យុ អ៊ីសូតុប ការប្រើប្រាស់ បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យវេជ្ជសាស្រ្ត កសិកម្ម និងឧស្សាហកម្ម ព្រមទាំងការ បណ្តុះបណ្តាល ធនធានមនុស្ស និងជំនាញបច្ចេកទេស ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ស៊ីជម្រៅទៅលើ សេចក្តីព្រាង នៃកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល សហព័ន្ធរុស្ស៊ី លើកិច្ច សហប្រតិបត្តិការ ក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យ គោលបំណងសន្តិភាព គ្រាដែលភាគី ទាំងពីរបានព្រមព្រៀងគ្នា នឹង ប្រឹងប្រែងបញ្ចប់ រាល់និតីវិធីទាំងអស់ ត្រឹមដើមខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារ រួមកម្ពុជា-រុស្ស៊ី លើកទី២ នឹងជូនដំណឹង តាមទំនាក់ទំនង ការទូត។ ហើយក្រុមការងាររួមនេះ នឹងធ្វើទស្សនកិច្ច សិក្សា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ដើម្បីពិនិត្យ ទីតាំងរៀបចំ មជ្ឈមណ្ឌល ព័ត៌មាន នុយក្លេអ៊ែរ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ៕

photo_2016-08-17_13-50-09photo_2016-08-17_13-50-11photo_2016-08-17_13-50-13photo_2016-08-17_13-50-15

មតិយោបល់