ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បើកដំណើរការ សាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដើម្បីជំរុញការលើកកម្ពស់សមត្ថភាពចំណេះដឹងដល់សិស្សានុសិស្ស។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ បានប្រជុំកំណត់រួចជាស្រេច នូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀន ឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយត្រូវផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព និងគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។
« ក្រសួងអប់រំ យុវជន និងកីឡាបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀនឡើងវិញក្រោយការប្រកាសបិទព្រឹត្តិការណ៍២០កុម្ភ:។ ជារួម ការបើក សាលារៀនឡើងវិញនាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាលដើម្បីលើកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនសាធារណជននៅពេលក្រោយ ស្តីពីព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ។ អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថាចំពោះមុខនេះ សិស្សានុសិស្សនៅទូទាំង២៥ខេត្ត-រាជធានី ត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងអាចរៀនអនឡាញ បានតាមរយ:មាតិកា ឌីជីថល របស់ក្រសួងអប់រំ តាមកម្មវិធីស្វ័យសិក្សាMoEYS E-Learning ដែលមានវីដេអូ សិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ។ ក្នុងនោះ សៀវភៅសិក្សាអេឡិចត្រូនិក មានដូចជា៖ សៀវភៅសិក្សាគោល , សៀវភៅកំណែ អំណានទូទៅ ចំណេះដឹងសាកល , រឿងនិទាន, កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ ។
សូមជម្រាបជូនថា អ្នកសិក្សាទាំងអស់អាចទាញយកកម្មវិធីស្វ័យសិក្សានេះ ពី App Store, Google Play និង AppGallery រួចសូមអានសេចក្តីណែនាំបច្ចេកទេសដែល មានស្រាប់ ។ -មជ្ឈមណ្ឌលសិក្សាតាមរយ:អេឡិចត្រូនិច elearning.moeys.gov.kh -បណ្តាញYoutube ផ្លូវការ youtube.com/moeyscambodia -ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh -ការអប់រំកុមារតូច youtube.com/eccdcambodia -ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី “ទទក២” របស់ក្រសួងព័ត៌មាន -Appក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ -កម្មវិធីអប់រំតាមវិទ្យុជួយសិស្សជនជាតិដើមបន្តរៀនសូត្រនិងAppវិស័យឯកជននានា ដូចជា E-School Cambodia ជាដើម៕
មតិយោបល់