ភ្នំពេញៈ នៅវេលាម៉ោង១២ និង៤៤ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានករណីបុរសពោះម៉ាយម្នាក់ ជាកម្មករសំណង់ មានអាយុប្រហែលជា២៥ឆ្នាំ សង្ស័យមានវិបត្តិផ្លូវចិត្ត បន្ទាប់ពីការលែងលះគ្នាជាមួយអតីតប្រពន្ធរបស់ខ្លួន បានសម្រេចចិត្តគិតខ្លី ធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចទីតាំងលូមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ បើយោងតាមការរៀបរាប់របស់ស្រ្តីម្នាក់ ត្រូវជាអ៊ំស្រីបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន Post News ដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅផ្ទះជួលជាមួយគាត់ នៅម្តុំបឹងទំពុន ហើយសព្វថ្ងៃជនរងគ្រោះ ប្រកបកិច្ចការងារជាកម្មករសំណង់មួយកន្លែង ។ ជនរងគ្រោះជាមនុស្សពោះម៉ាយ ដែលបានលែងលះគ្នាជាមួយអតីតប្រពន្ធរបស់ខ្លួនរយៈពេលពីរឆ្នាំហើយ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់នោះ មានបុត្រីម្នាក់អាយុ០៤ឆ្នាំ ដោយកូនស្រីនោះបានទៅរស់នៅខាងម្តាយ ។ ដោយទឹកចិត្តជាឪពុក ទោះបីលែងលះគ្នាក៏ដោយក៏មិនដាច់ចិត្តពីកូននោះដែរ នៅតែអាណិតស្រឡាញ់ជានិច្ច នៅពេលណាដែល ជនរងគ្រោះធ្វើការសំណង់បានប្រាក់ តែងតែផ្ញើទៅឲ្យកូនចំនួនប្រាំម៉ឺនរៀល-ទៅដប់ម៉ឺនរៀល សម្រាប់ចាយផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះខាងលើ ជារៀងរាល់ថ្ងៃតែងតែយករូបថត អតីតភរិយារបស់ខ្លួន ដែលបានលែងលះគ្នានោះ មកដេកមើលដោយក្តីនឹកស្រណោះ គ្រាធ្លាប់រួមរស់នៅជាមួយគ្នាកន្លងមក ហើយជនរងគ្រោះតែងមានទឹកមុខយ៉ាងស្រពាប់ស្រពោន និងស្រងូតស្រងាត់ បន្ទាប់ពីមើលរូបថតរួចហើយ ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានការភ្ញាក់ផ្អើលកើតឡើង ជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែចងកសម្លាប់ខ្លួនភ្ជាប់នឹងដែកទីតាំងលូមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។ ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់នូវអាយុជីវិតនេះ បើតាមការបញ្ជាក់ពីអ៊ំស្រីខាងលើបានប្រាប់ថា ជនរងគ្រោះសង្ស័យមានវិបត្តិផ្លូវចិត្ត គឺរឿងលែងលះគ្នាជាមួយប្រពន្ធនេះឯង ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចលោកក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក សម្លាប់ខ្លួនឯងប្រាកដមែន ទើបប្រគល់ទៅឲ្យសាច់ញាតិយកសពធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថាៈ ជនរងគ្រោះមិនទាន់ស្គាល់នូវអត្តសញ្ញាណនោះទេ ហើយមានម្តាយរស់នៅឯកំពង់សោម ៕
មតិយោបល់