ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កំពងស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងែអង្គារ ០១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទ្រុងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-0582 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងកើតទៅទិសខាងលិច បានទៅបុកពីក្រោយម៉ូតូ ០១គ្រឿង ម៉ាក EXCITER ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ យ៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរស្របទិសគ្នា ហើយបានរុញផ្ទប់ម៉ូតូ ទៅនឹងគូថរថយន្ដ០១គ្រឿងទៀត មិនស្គាល់ម៉ាក ដែលកំពុងតែបើកបរស្របទិសគ្នាដែរ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្តថា ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរគ្រឿង បានប្រគល់ឲ្យ ទៅការិយាល័យ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនិតីវិធី ៕

មតិយោបល់