ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកស្រ្តីម្នាក់

ភ្នំពេញ: នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចប៉ុស្តិ៍កាកាបទី២ ឃាត់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់ មិនបានសម្រេចខ្សែ បានតែបណ្តោង និងទំពក់ រួចព្យាយាមជិះគេចខ្លួន ទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីស្រ្តីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីកន្លែងធ្វើការ ដែលនៅក្បែរទីតាំងកន្លែងកើតហេតុ ដោយជិះម៉ូតូទៅផ្សារបម្រុងទិញអីវ៉ាន់ តាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែពេលនោះក៏លេចមុខក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងបើកបញ្រ្ចាស់ទិសគាត់ហើយ ប្រហែលជាឃើញរូបគាត់ពា​ក់ខ្សែក ពេលនោះក្រុមជនសង្ស័យ បានបត់ត្រឡប់ក្រោយ តាមជនរងគ្រោះរួចធ្វើសកម្មភាពឆក់ខ្សែក ប៉ុន្តែភ្លាមៗម្ចាស់ដឹងខ្លួនទាន់ក៏ស្រវាចាប់ជាប់ខ្សែ ចំណែកបណ្តោយត្រូវក្រុមជនសង្ស័យ ឆក់យកទៅបាត់ ភ្លាមៗនោះអ្នកឃើញហេតុការណ៍ ក៏នាំគ្នាព័ទ្ធចាប់បានបក្ខពួកជនសង្ស័យម្នាក់ និងម៉ូតូហុងដាស្កុបពី មួយគ្រឿង ប្រគល់ឲ្យសមត្ថកិច្ច ចំណែក២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នស្រ្តីរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យ និងស្វែងរកបក្ខពួកដែលរត់គេចខ្លួន យកមកចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់