កណ្តាលៈ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ត្រូវម្ចាស់ដេញតាមចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឈុន សៀងម៉េង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ថ្លុកត្របែក ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ ស៊ីណាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកក្តាម១ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យមានសារធាតុញៀន នូវក្នុងទឹកនោម និងធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ខេត្តកណ្ដាល ចំនួន០២លើក ។
វត្ថុតាងចាប់យក៖ -ម៉ូតូ ០១ គ្រឿង ម៉ាក សង់ C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្តាល 1U-6083 ។
សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ឈុន សៀងម៉េង បានជិះម៉ូតូម៉ាកសង់ C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្តាល 1U-6083 ជាកម្មសិទ្ធរបស់ខ្លួនដែលបានទិញបង់រំលស់ដោយជិះឌុបគ្នាជាមួយក្មួយឈ្មោះ ណេត វណ្ណះ ភេទប្រុស អាយុ ២១ឆ្នាំ មកធ្វើការសំណង់នៅវត្តព្រែកជីក ក្នុងភូមិ-ឃុំកើតហេតុខាងលើ ពេលមកដល់ជនរងគ្រោះ និង ក្មួយឈ្មោះ ណេត វណ្ណះ បាននាំគ្នាឡើងធ្វើការសំណង់នៅលើដំបូលកុដិលោក ដោយទុកម៉ូតូ នៅក្រោមដើមស្វាយក្បែរកុដិលោក ហើយមិនបានចាក់សោកទេ ឆ្លៀតពេលនោះមានអ្នកនៅក្នុងវត្តបានស្រែកថា៖ ចោរៗលួចម៉ូតូ ។
ភ្លាមនោះជនរងគ្រោះ បានចុះពីដំបូលកុដិលោក ដេញតាមរកមកខាងក្រៅរបងវត្ត ស្រាប់តែឃើញជនសង្ស័យ កំពុងបានបណ្តើរម៉ូតូរត់តាមផ្លូវក្រួសក្រហម ឆ្ពោះទៅទិសខាងជើង ក៏ដេញពេលនោះជនសង្ស័យក៏បានផ្តួលម៉ូតូនៅកណ្តាលផ្លូវ បន្ទាប់មកជនរងគ្រោះ និងក្មួយព្រមទាំងអ្នកភូមិ ក៏នាំគ្នាចាប់នាំខ្លួនជនសង្ស័យ ប្រគល់ទៅប៉ុស្តិ៍
នគរបាលកោះចិន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់