ព័ត៌មានជាតិ

មនុស្ស ២នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅកន្លែងផ្សេងគ្នា

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្ស០២នាក់បានឆក់ខ្សែភ្លើងស្លាប់ដោយឡែកពីគ្នា ម្នាក់នៅស្រុកមង្គលបូរី និងម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានឲ្យដឹងថា៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម៉ោង ១១និង៣០នាទីយប់ មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់០១នាក់កើតទ្បើងនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ជនរងគ្រោះ ឈ្មោះ ភី លាស់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរបើកឡានដឹកឥវ៉ាន់ពីប៉ោយប៉ែត ទៅភ្នំពេញ ។

ប្រភពដដែលបានបញ្ជាក់ថា៖ តាមការឲ្យដឹងពីក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្ត្រ នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកឡានដឹកឥវ៉ាន់ពីក្រុងប៉ោយប៉ែត ទៅភ្នំពេញពេលមកដល់ផ្ទះ(កើតហេតុ) ក៏ឈប់ឡានហូបបាយ ក្រោយហូបបាយរួច ក៏បញ្ឆេះឡានបន្តដំណើរទៀតតែឡានមិនឆេះ ក៏តខ្សែភ្លើងចេញពីព្រីក្នុងផ្ទះដើម្បីកូវអាគុយឡាន ចៃដន្យដៃជនរងគ្រោះបានប៉ះនឹងកន្លែងដំណខ្សែភ្លើងបណ្តាលឲ្យឆក់រងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារនិងមិត្តភ័ក្ត្រដឹកទៅសង្រ្គោះតាមគ្លីនិកឯកជនតែគេមិនទទួល ហើយបានបន្តដឹកមកមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា រង់ចាំយកសំណាករកមេរោគកូវីត១៩សិន ប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង ហើយបញ្ជូនមកផ្ទះវិញ ។

ដោយឡែកមួយករណីទៀត នៅវេលាម៉ោង០៤និង៣០នាទី មានករណីខ្សែភ្លើងឆក់មួយករណីទៀត បណ្តាលឲ្យកម្មករស្លាប់០១នាក់ ចំណុចក្រោយកាស៊ីណូប៉ារ៉ាម៉ិច(ផ្ទះកំពុងសាងសង់)នៅភូមិក្បាលស្ពាន១​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលបានឲ្យដឹងថា៖បុរសរងគ្រោះមិនទាន់ស្គាល់ឈ្មោះទេមានអាយុប្រហែលជា៤០ឆ្នាំជាកម្មករសំណង់ស្នាក់នៅម្តុំអាគាថ្មីភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ មុនពេលកើតហេតុជនរងគ្រោះកំពុងសាងសង់ផ្ទះនៅកន្លែងកើតហេតុ ហើយខ្សែភ្លើងឆក់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជាអកុសលជនរងគ្រោះបានស្លាប់ មុនពេលដឹកមកដល់មន្ទីពេទ្យ ៕

មតិយោបល់