ព័ត៌មានជាតិ

នគរបាលស្រុកថ្មគោលបង្រ្កាបបានភ្លាមៗ នូវមុខសញ្ញាគាស់ដំបូលចូលលួចសម្ភារៈទាំងថ្ងៃ

បាត់ដំបង: នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំបង្រ្កាប និងឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីប្រព្រឹត្តអំពើលួច ដោយមានស្ថានទម្ងន់ទោស នោះគឺឈ្មោះ សូ សំណាង ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងដកហូតបាន៖

-ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង
-កង់រទេះគោចំនួន០២
-រទេះអូសចំនួន០១
-ពូថៅដងឈើចំនួន០១ ។

បន្ទាប់ពីឃាត់ខ្លួនបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីវេលាម៉ោង១៦និង ០០ នាទី ថ្ងៃកើតហេតុនេះ នៅចំណុចក្រុមទី១២ ភូមិ ក្បាលខ្មោចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ដំបូលជង្រុកស្រូវ) ចូលលួចទ្រព្យសម្បត្តិមួយកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ បានធ្វើសកម្មភាពគាស់ដំបូលជង្រុកចូលលួចយកទ្រព្យសម្បត្តិរបស់ជន រងគ្រោះឈ្មោះ អ៊ិន ផាន់ណា ភេទស្រីអាយុ ៥១ ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិដូចខាងលើ ។

ក្នុងខណ:ពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបាន មហាជនបានដឹងនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ច នគរបាល ហើយភ្លាមៗ សមត្ថកិច្ចនគរបាលចេញ អន្តរាគមន៍បង្រ្កាបឃាត់ខ្លួនជនសង័្សយបានម្នាក់ ក្នុងខណ:បក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវទ្រព្យសម្ភារ:របស់ជនរងគ្រោះនៅទីនោះ ដែលពួកគេមិនអាចយកទៅបាន ។

នៅក្រោយពេលសាកសួរធ្វើកំណត់ហេតុរួច ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងរៀបចំបញ្ជូនមកការិយាល័យ ជំនាញអនុវត្តតាមច្បាប់ រីឯទ្រព្យសម្ភារ:របស់ជនរងគ្រោះបានប្រគល់ជូនគាត់វិញ ៕

មតិយោបល់